រដ្ឋបាលខេត្តសៀមរាបរៀបចំពិធីសូត្រមន្តប្រោះព្រំ លើករាសី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
AKP សៀមរាប ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥--
ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានរៀបចំពិធីសូត្រមន្តប្រោះព្រំ លើករាសី និងនិមន្តព្រះសង្ឃ៥៦អង្គ និងសីលវ័ន្ត សីលវតី ធ្វើពិធីរាប់បាត្រ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយមានការចូលរួមពីលោកជំទាវ ឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ នៅរដ្ឋបាលសាលាខេត្តសៀមរាប។

ពិធីនេះបានបង្ហាញឱ្យឃើញពីការគោរពប្រតិបត្តិប្រពៃណីទំនៀមទម្លាប់ជាពិសេសក្នុងឱកាសទទួលទេវតាឆ្នាំថ្មី ដើម្បីបណ្តេញគ្រោះចង្រៃឧបទ្រពផងទាំងពួងដែលកើតមានកាលពីឆ្នាំចាស់ និងសុំពរជ័យពីទេវតាឆ្នាំថ្មី ក៏ដូចជារួមចំណែកថែរក្សាប្រពៃណីទំនៀមទម្លាប់ និងវប្បធម៌ជាតិដ៏ល្អផូរផង់របស់ខ្មែរ។

នេះជាការចាប់ផ្តើមនៃការប្រារព្ធពិធីសូត្រមន្តរាប់បាត្ររបស់រដ្ឋបាលខេត្ត ក៏ដូចស្ថាប័ននានា និងប្រជាពលរដ្ឋក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងស្របពេលកម្ពុជាកំពុងមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសការអភិវឌ្ឍនៅខេត្តសៀមរាប ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើងក្រោមម្លប់សន្តិភាព។

សូមបញ្ជាក់ថា កម្ពុជាជាប្រទេសដែលកាន់ព្រះពុទ្ធសាសនា ដូច្នេះហើយ សេចក្តីសប្បាយរីករាយនេះក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងមហាកុសលផ្សេងៗទៀត ដើម្បីធ្វើឱ្យបុណ្យចូលឆ្នាំថ្មីកាន់តែមានអត្ថន័យ និងជាប្រយោជន៍ធំធេង សម្រាប់ពលរដ្ឋខែ្មរ ដូចជាស្រោចទឹកខមាទោស សម្តែងនូវកតញ្ញូចំពោះដូនតា ឪពុកម្តាយ ពិធីស្រង់ព្រះពុទ្ធបដិមា បង្សុកូលរំលឹកដល់វិញ្ញាណក្ខន្ធអ្នកមានគុណ ឬសាច់ញាតិ និងកម្មវិធីផ្សេងៗទៀតដែលពាក់ព័ន្ធនឹងសាសនាជាដើម៕
ដោយ ឃុត សៅ




