រដ្ឋមន្រ្ដីក្រសួងព័ត៌មានលើកឡើងថា វិធានការដ៏មានប្រសិទ្ធភាពបន្សាបព័ត៌មានក្លែងក្លាយ គឺផ្សព្វផ្សាយព័ត៌មានពិតឱ្យបានលឿន កុំទុកឱកាសឱ្យព័ត៌មានក្លែងក្លាយដឹកមុខ
AKP ភ្នំពេញ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥
ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានលើកឡើងថា វិធានការដ៏មានប្រសិទ្ធភាពបន្សាបព័ត៌មានក្លែងក្លាយ គឺផ្សព្វផ្សាយព័ត៌មានពិតឱ្យបានលឿន កុំទុកឱកាសឱ្យព័ត៌មានក្លែងក្លាយដឹកមុខ។

ឯកឧត្ដមរដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ការយល់ដឹងពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជាភាពចាំបាច់បំផុត។ ឯកឧត្ដមរដ្ឋមន្រ្ដីបានឱ្យដឹងទៀតថា ការអប់រំពលរដ្ឋឱ្យយល់ដឹងពីហានិភ័យ និងផលប៉ះពាល់បណ្តាលមកពីព័ត៌មានក្លែងក្លាយ វិធានការការពារខ្លួន ជាបេសកកម្មដ៏សំខាន់ និងមិនដើរថយក្រោយជាដាច់ខាតរបស់ក្រសួងព័ត៌មាន។

ជាមួយគ្នានេះដែរ ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មានក៏បានបន្ថែមថា ដើម្បីកំណត់ព័ត៌មានក្លែងក្លាយ សូមបងប្អូនប្រកាន់វិធីសាស្ត្ររួមមាន៖ ១. ពិនិត្យប្រភព ២. ស្រាវជ្រាវរឿងនោះនៅគេហទំព័រផ្សេងៗ ៣.ត្រិះរិះពិចារណាពេលអាន ៤. ពិនិត្យភស្ដុតាង ៥. សង្កេតរូបភាពក្លែងក្លាយ ៦. តើស្ដាប់ទៅសមហេតុផលឬអត់? សូមនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!៕

ដោយ៖ រិទ្ធី




