សេវាស្នាក់នៅក្នុងខេត្តកែបភ្ញៀវបានកក់ទុកអស់ជាង៥០%ហើយ មុនថ្ងៃបុណ្យចូលឆ្នាំចូលមកដល់ ខណៈមន្ទីរជំនាញមិនលើកទឹកចិត្តឱ្យមានការដំឡើងថ្លៃ
AKP កែប ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ -- ក្នុងឱកាសថ្ងៃឈប់សម្រាក ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សេវាស្នាក់នៅក្នុងខេត្តកែប ត្រូវបានភ្ញៀវកក់ទុកអស់ជាង៥០%ហើយនៃចំនួនបន្ទប់សរុប១,៧០០បន្ទប់ គិតត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ។ ជាមួយគ្នានោះ មន្ទីរជំនាញមិនបានលើកទឹកចិត្តឱ្យប្រតិបត្តិករលើវិស័យទេសចរណ៍ ដំឡើងថ្លៃនោះទេក្នុងឱកាសពិធីបុណ្យទាននោះទេ។

លោក ប៉ុក ទាំង ប្រធានស្តីទីមន្ទីរទេសចរណ៍ខេត្តកែប បានឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែមេសា នេះថា ក្នុងនាមមន្ទីរជំនាញមិនបានលើកទឹកចិត្តឱ្យសេវាករលើវិស័យទេសចរណ៍ ដំឡើងថ្លៃនោះទេរាប់ទាំងសេវាស្នាក់នៅ និងហូបចុក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ តែយ៉ាងណាស្របពេលដែលតម្រូវការមានការកើនឡើង ការផ្គត់ផ្គង់ចៀសមិនផុតពីការឡើងថ្លៃបន្តិចបន្តូច។

ក្នុងនោះលោក ប៉ុក ទាំង បញ្ជាក់ថា មន្ទីរបានអញ្ជើញបងប្អូនអាជីវករដែលកំពុងប្រកបរបរនៅឆ្នេរកែប និងទីតាំងទេសចរណ៍ដទៃទៀត ប្រជុំណែនាំពីរបៀបរបបក្នុងការទទួលបដិសណ្ឋារកិិច្ចភ្ញៀវ ទាំងការលក់ដូរ សម្តីសំដៅ ធ្វើយ៉ាងណាអោយសាកសមក្នុងនាមជាខេត្តដែលមានសក្តានុពលខ្ពស់លើវិស័យទេសចរណ៍នេះ។

លោក អ៊ឹង ស្រេងផេង ម្ចាស់អាហារដ្ឋានសមុទ្រឆ្នេរកែប និងផ្ទះសំណាក់ចាន់ វណ្ណា បានឱ្យដឹងនៅព្រឹកថ្ងៃដដែលថា សម្រាប់ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ចំពោះសេវាហូបចុក គឺលោកមិនមានការដំឡើងថ្លៃនោះទេ ពោលលក់ដូចថ្ងៃធម្មតាជាមួយមុខម្ហូបជាង៦០មុខ ដោយតម្លៃមានចាប់ពី១ម៉ឺនរៀល ដល់៦ម៉ឺនរៀលទៅតាមប្រភេទមុខម្ហូប និងតាមតម្រូវការភ្ញៀវ ដោយឡែកសម្រាប់ផ្ទះសំណាក់វិញមានការឡើងថ្លៃតិចតូចក្នុងរដូវបុណ្យទានផ្សេងខ្លះដែរ។
ទោះបីយ៉ាងណា ខេត្តកែបតែងរងការរិះគន់ពីអ្នកទេសចរជាហូរហែ ទាក់ទិននិងតម្លៃការលក់ដូរ ការនេះទាំងមន្ទីរជំនាញ និងម្ចាស់អាហារដ្ឋានខាងលើ បានសំណូមពរដូចគ្នាថា សូមព្រមព្រៀងគ្នាជាមុនសិនរវាងភាគីអ្នកទិញ និងអ្នកលក់ មុនសម្រេចចិត្ត លក់ ឬទិញ នូវសេវាណាមួយដើម្បីបញ្ជៀសបញ្ហា។ ក្នុងនោះលោកបន្ថែមថា ក្នុងករណីដែលអ្នកទេសចរមានបញ្ហាណាមួយ សូមទាក់ទងភ្លាមទៅកាន់អាជ្ញាធរ ឬសមត្ថកិច្ចនៅទីនោះដើម្បីដោះស្រាយបន្ទាន់ ជាជាងបង្ហោះតាមបណ្តាញសង្គម៕
ដោយ ប្រាក់ លាង




