លោកជំទាវ ពុំ ចន្ទីនី អញ្ជើញជួបសំណេះសំណាលជាមួយនិវត្តន៍ជនកាកបាទក្រហមកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
AKP ភ្នំពេញ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥-- កាកបាទក្រហមកម្ពុជាបានរៀបចំពិធីសំណេះសំណាលជាមួយនិវត្តន៍ជនកាកបាទក្រហមកម្ពុជា ចំនួន៣៨នាក់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលដឹកនាំដោយ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទ្រហមកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីកាកបាទក្រហមជាច្រើននាក់ផងដែរ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការបានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្តីនឹងរលឹក ទោះបីសម្តេចមិនបានអញ្ជើញមកផ្ទាល់ក៏ដោយ តែមនោសញ្ចេតនា តែងតែគិតគូរពីសុខទុក្ខរបស់លោកពូអ្នកមីងជានិច្ច ដោយបានមានប្រសាសន៍បន្តថា “សម្តេចកិត្តព្រឹទ្ធបណ្ឌិតប្រធានបានឱ្យរៀបចំកម្មវិធីនេះឡើង ដើម្បីរំលឹកដឹងគុណដល់ លោកពូអ្នកមីងជានិវត្តន៍ជនកាកបាទក្រហមកម្ពុជា បានធ្វើពលិកម្មគ្រប់បែបយ៉ាង ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តបំពេញការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជាតាំងពីបាតដៃទទេ និងតែងតែសុំជំនួយពីបរទេស ហើយបេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាសម័យនោះពិតជាពិបាកខ្លាំងណាស់ ព្រោះគ្មានផ្លូវ គ្មានស្ពាន ពេលធ្វើដំណើរតាមខេត្តម្តងៗយើងត្រូវដេកតាមផ្លូវ ព្រមទាំងប្រឈមមុខជាមួយខ្មែរក្រហម អាចបាត់បងជិវិតគ្រប់ពេល សរុបសេចក្តីមកវិញគឺយកជីវិតទៅប្តូរដើម្បីជួយបងប្អូនប្រជាពលរដ្ឋឱ្យមានស្បៀងហូបគ្រប់គ្រាន់ និងមានសម្ភារៈប្រើប្រាស់។ ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានវិឌ្ឍន៍ខ្លួនពីមួយឆ្នាំទៅមួយឆ្នាំ ហើយកាកបាទក្រហមកម្ពុជា នាពេលនេះគឺមានធនធានគ្រប់គ្រាន់ ក្នុងការផ្តល់សេវាមនុស្សធម៌ជួយដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុតដោយមិនជំនួយពីបរទេសទៀតឡើយ។

ទន្ទឹមនឹងនេះ លោកជំទាវអគ្គលេខាធិការបានជូនពរដល់និវត្តន៍ជនទាំងអស់ ជាពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥នេះ សូមមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច ទៅដល់ទីណាសូមឱ្យមានសុវត្ថិភាព និងជួបប្រទះតែនឹងព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)




