អង្គការកូដូខ្មែរ និងអង្គការ Archi SOLIDAIRE សុំអនុសាសន៍ពីរដ្ឋមន្ត្រីអប់រំ សំដៅបង្កើនប្រសិទ្ធភាពនៃកិច្ចអន្តរាគមន៍របស់អង្គការក្នុងការជួយដល់កុមារ និងសហគមន៍នៅតាមទីជនបទ
AKP ភ្នំេពញ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥-- អង្គការកូដូខ្មែរ និងអង្គការ Archi SOLIDAIRE ដែលជាអ្នកធ្វើកិច្ចអន្តរាគមន៍ទៅលើការនាំទឹកស្អាតទៅដល់ទីជនបទ និងទៅលើសំណង់អគារសិក្សា ការគាំទ្រការអប់រំ ការពង្រឹងគុណវុឌ្ឍិគ្រូបង្រៀន និងការ បង្កាទប់ស្កាត់ចំណាកស្រុក កាលពីរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ បានចូលជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីទទួលបានអនុសាសន៍គន្លឹះសំខាន់ៗពីឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សំដៅបង្កើនប្រសិទ្ធភាពនៃកិច្ចអន្តរាគមន៍របស់អង្គការក្នុងការជួយដល់កុមារ និងសហគមន៍នៅតាមទីជនបទឱ្យ ទទួលបានទឹកស្អាតប្រើប្រាស់ ក៏ដូចជាការផ្តល់សេវាអប់រំប្រកបដោយគុណភាពឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

លោក Arthur Parami Lam តំណាងអង្គការ Archi SOLIDAIRE បានជម្រាបជូនឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ថា អង្គការរបស់លោកផ្តោតកិច្ចអន្តរាគមន៍ជាចម្បងលើការសាងសង់ ដោយសហការជាមួយអ្នកឯកទេសផ្នែកវិស្វកម្ម និងផ្នែកស្ថាបត្យកម្មមកពីប្រទេសបារាំង ដែលផ្តល់ជាបទពិសោធន៍ និងសាមគ្គីភាពយ៉ាងល្អជាមួយនឹងសិស្ស ប្រជាពលរដ្ឋ និងសហគមន៍នៅក្នុងមូលដ្ឋាន ជាពិសេសការជំរុញឱ្យសាលារៀនឈានទៅអនុវត្តការសិក្សាពេញមួយថ្ងៃ ដោយពេលព្រឹកសិស្សអាចរៀនជាមួយនឹងគ្រូបង្រៀន ហើយពេលរសៀលពួកគេអាចចូលបណ្ណាល័យ ចូលសួនបន្លែ និងធ្វើកិច្ចការក្រៅសាលាផ្សេងៗទៀត ដែលជាបំណិនចាំបាច់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ផ្សារភ្ជាប់នឹងទ្រឹស្តីដែលលោកគ្រូ អ្នកគ្រូបានបង្ហាត់បង្ហាញ។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការទាំងពីរខាងលើ ដែលបន្តជួយគាំទ្រដល់កុមារកម្ពុជា ក៏ដូចជាលើកកម្ពស់វិស័យអប់រំ យុវជន និងកីឡា តាមរយៈការផ្តល់ជំនួយគ្រប់រូបភាព ព្រមទាំងបានបង្ហាញពីវឌ្ឍនភាពនៃវិស័យអប់រំកម្ពុជាក្នុងរយៈពេល១០ឆ្នាំមកនេះ ដែលបានស្តែងចេញតាមរយៈលទ្ធផលសិក្សារបស់សិស្ស និងភាពរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធនានាតាមគ្រឹះស្ថានសិក្សារដ្ឋទាំងក្នុងក្រុង និងទីជនបទ។

ឯកឧត្តមបណ្ឌិតសភាចារ្យបានផ្តល់អនុសាសន៍ឱ្យពិនិត្យលទ្ធភាពដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើការផ្លាស់ប្តូរបទពិសោធន៍របស់អ្នកស្ម័គ្រចិត្តនៃអង្គការ ការចែករំលែកចំណេះដឹងក្នុងវិស័យអប់រំឌីជីថល ការបណ្តុះបណ្តាលគ្រូបង្រៀន និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ ដែលរៀបចំសិស្សានុសិស្សកម្ពុជាឱ្យត្រៀមខ្លួនរួចរាល់សម្រាប់តម្រូវការទីផ្សារការងារជាក់ស្តែងក្នុងពេលបច្ចុប្បន្ន និងអនាគត។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តពង្រឹងប្រព័ន្ធអប់រំ និងផ្តល់ឱកាសដល់សិស្សានុសិស្សទាំងអស់ជាពិសេសកុមារនៅតាមទីជនបទឱ្យទទួលបានការអប់រំប្រកបដោយគុណភាព សមធម៌ បរិយាបន្ន និងការសិក្សាពេញមួយជីវិត ជំរុញយុវជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈឱ្យក្លាយជាកម្លាំងចលករដ៏សំខាន់ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិប្រកបដោយចីរភាព ឆ្លើយតបនឹងចក្ខុវិស័យអភិវឌ្ឍន៍ធនធានមនុស្សរបស់រាជរដ្ឋាភិបាល៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)




