អភិបាលខេត្តព្រះវិហារ កោតសរសើរចំពោះថ្នាក់ដឹកនាំ នៃខេត្តយ៉ាឡាយ ដែលតែងតែមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យជាមួយខេត្ដព្រះវិហារ
AKP ព្រះវិហារ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារបានកោតសរសើរចំពោះថ្នាក់ដឹកនាំ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏ដូចជាខេត្តយ៉ាឡាយ ដែលតែងតែមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ និងមានចំណងសាមគ្គីភាពដ៏រឹងមាំជាមួយរាជរដ្ឋាភិបាលកម្ពុជា និយាយរួម និងដោយឡែកសម្រាប់ខេត្តព្រះវិហារ តាមរយៈកិច្ចសហប្រតិបត្តិការស្រាវជ្រាវរុករកអដ្ឋិធាតុយុទ្ធជន និងកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីក្នុងបុព្វហេតុរំដោះជាតិមាតុភូមិកម្ពុជា ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីធ្វើមាតុភូមិនិវត្តន៍ត្រឡប់ទៅមាតុប្រទេសវៀតណាមវិញ។ ការលើកឡើងរបស់ឯកឧត្ដមអភិបាលខេត្ដបែបនេះ ក្នុងឱកាសទទួលជួបគណៈប្រតិភូខេត្តយ៉ាឡាយ ដឹកនាំដោយ ឯកឧត្តម ជឿង វ៉ាន់ដាត សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខេត្ត និងជាក្រុមប្រឹក្សាប្រជាជនខេត្តយ៉ាឡាយ ប្រទេសវៀតណាម ចូលជួបសម្ដែងការគួរសម សួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តព្រះវិហារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅសាលាខេត្តព្រះវិហារ។

ឯកឧត្តម គីម រិទ្ធី បានគូសបញ្ជាក់ថា ភាគីទាំងពីរតែងធ្វើការផ្លាស់ប្តូរទស្សនកិច្ច ការទំនាក់ទំនងលើវិស័យការងារ ពាណិជ្ជកម្ម ការអញ្ជើញសួរសុខទុក្ខ ជូនពរក្នុងឱកាសសំខាន់ៗ និងព្រឹត្តិការណ៍ផ្សេងៗទៀត។ ឯកឧត្ដមអភិបាលខេត្ដបានបន្ដថា រដ្ឋបាលខេត្តព្រះវិហារ ពិតជាសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ចំណងសាមគ្គីភាពរវាងខេត្តទាំងពីរ (ខេត្តព្រះវិហារ-យ៉ាឡាយ) ក៏ដូចជារវាងប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) ដែលមានទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការណ៍ដ៏រឹងមាំជាមួយគ្នាជាយូរណាស់មកហើយ នឹងបន្តរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ ឱ្យកាន់តែរឹងមាំ ស្ថិតស្ថេរ ល្អប្រសើរថែមទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ដក៏បានបញ្ជាក់បន្ថែមថា តាមរយៈកិច្ចសហការរវាងខេត្ដទាំងពីរ នឹងបន្តមានទំនាក់ទំនងរវាងយុវជនខេត្តទាំងពីរ (ព្រះវិហារ-យ៉ាឡាយ) តាមរយៈការរៀបចំព្រឹត្តិការណ៍ បោះជំរុំរួមគ្នា ឬផ្លាស់ប្តូរទស្សនកិច្ច ការសិក្សា ការផ្លាស់ប្តូរបទពិសោធន៍ផ្សេងៗ នៅពេលខាង មុខដ៏សមគួរណាមួយជាក់ជាមិនខាន៕



ដោយ៖ រិទ្ធី, ប្រភព៖ មន្ទីរព័ត៌មានខេត្ដព្រះវិហារ




