ពលករខ្មែរសម្រុកចូលស្រុកកំណើតតាមច្រកប៉ោយប៉ែត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ខណៈសមត្ថកិច្ចបន្តផ្តល់កញ្ចប់អនុស្សាវរីយ៍
AKP បន្ទាយមានជ័យ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥-- ក្នុងបរិយាកាសរីករាយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពលករខ្មែរជាច្រើននាក់ដែលកំពុងធ្វើការនៅប្រទេសថៃ បានសម្រុកធ្វើដំណើរត្រឡប់មកកាន់ទឹកដីកំណើតរបស់ខ្លួនវិញ តាមរយៈច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។ រលកនៃពលករដែលធ្វើដំណើរដោយរថយន្ត ម៉ូតូ និងថ្មើរជើង បានធ្វើឱ្យបរិវេណច្រកទ្វារមានភាពមមាញឹកយ៉ាងខ្លាំងចាប់តាំងពីដើមសប្តាហ៍មកម្ល៉េះ។

ដោយមានការយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខរបស់ពលករខ្មែរដែលត្រឡប់មកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លោក ឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍ បានចាត់ក្រុមការងាររបស់ប៉ុស្តិ៍ សហការជាមួយភាគីមិត្តថៃ ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ សម្របសម្រួលដំណើរចូលប្រទេសរហ័សជូនបងប្អូនពលករខ្មែរ ប្រកបដោយស្នាមញញឹម រីករាយរាក់ទាក់ និងភាពទន់ភ្លន់។ ក្រុមការងាររបស់ប៉ុស្តិ៍រួមសហការជាមួយសមត្ថកិច្ចផ្សេងទៀតនៅតែបន្តយុទ្ធនាការមនុស្សធម៌ដ៏កក់ក្តៅរបស់ខ្លួន ក្នុងការចែកជូនវត្ថុអនុស្សាវរីយ៍ជាកម្លាំងចិត្តដល់បងប្អូនពលករដែលទើបត្រឡប់មកដល់។ ក្នុងនោះ ពលករម្នាក់ៗទទួលបានក្រមាដ៏ស្រស់ស្អាតមួយ ទឹកសុទ្ធមួយដបសម្រាប់បំបាត់ការស្រេកឃ្លាន និងនំប៉័ងមួយដើមដើម្បីទ្រទ្រង់ក្រពះក្នុងពេលធ្វើដំណើរ។

សកម្មភាពដ៏ប្រពៃនេះបានទទួលនូវការសាទរ និងការដឹងគុណយ៉ាងខ្លាំងពីសំណាក់បងប្អូនពលករ។ អ្នកស្រី ស្រីណុច អាយុ ៣២ឆ្នាំ ដែលទើបត្រឡប់មកពីខេត្តរ៉ាក់យ៉ង ប្រទេសថៃ បានរៀបរាប់ដោយទឹកមុខញញឹមថា “ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានត្រឡប់មកជួបជុំក្រុមគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ។ ការទទួលបានក្រមា ទឹកសុទ្ធ និងនំប៉័ងពីបងប្អូននគរបាលនៅច្រកទ្វារពិតជាធ្វើឱ្យខ្ញុំមានអារម្មណ៍កក់ក្តៅ និងមានកម្លាំងចិត្តបន្តដំណើរទៅផ្ទះ។

រីឯកញ្ញា មាន ស្រីណុក ជាពលករខ្មែរដែលធ្វើការនៅប្រទេសថៃ មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ បានលើកឡើងថា ការចូលមកប្រទេសកម្ពុជា នៅតាមច្រកព្រំដែនអន្តរជាតិពុំមានការបង់ប្រាក់លើសេវាចេញ-ចូលនោះទេ។ កញ្ញាសប្បាយចិត្តជាខ្លាំងនៅពេលដែលត្រលប់មកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំ ដោយពុំមានការចំណាយលើថ្លែសេវាអស់ទាំងនេះ វាអាចជួយសម្រួលការចំណាយមួយផ្នែកសម្រាប់ពលករដែលកំពុងវិលមកប្រទេសកម្ពុជាវិញ។ កញ្ញាសូមអរគុណរាជរដ្ឋាភិបាលកម្ពុជា អរគុណសម្តេច ហ៊ុន ម៉ាណែត និងក្រសួងការងារ ដែលខិតខំបំពេញការងារ ជួយសម្រួលអន្តរាគមន៍ជូនពលករខ្មែរធ្វើការនៅប្រទេសថៃ រហូតមានការលើកលែងតម្លៃសេវាចេញ ចូល រៀងរាល់ឆ្នាំ។ នេះជាការយកចិត្តទុកដាក់ និងដឹងសុខទុក្ខពីសំណាក់រដ្ឋាភិបាលមកលើពលករពួកយើង។
ក្នុងឱកាសនោះ លោក ឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន បានមានប្រសាសន៍ថា គំនិតផ្តួចផ្តើមនៃការចែកជូនវត្ថុអនុស្សាវរីយ៍នេះ គឺក្នុងគោលបំណងដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងការលើកទឹកចិត្តចំពោះបងប្អូនពលករដែលបានខិតខំប្រឹងប្រែងធ្វើការនៅប្រទេសក្រៅ ហើយចំណាយពេលធ្វើដំណើរដ៏លំបាកដើម្បីត្រឡប់មកជួបជុំក្រុមគ្រួសារក្នុងឱកាសដ៏សំខាន់នេះ។ លោកបានបញ្ជាក់បន្ថែមថា ក្រមា នំប៉័ង និងទឹកសុទ្ធ នឹងបន្តចែកជូនពលករខ្មែរទាំងអស់ដែលធ្វើដំណើរចូលមកតាមច្រកទ្វារប៉ោយប៉ែតដោយគ្មានការកំណត់ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។
ទាក់ទងនឹងចំនួនពលករដែលបានធ្វើដំណើរចូលមកប្រទេសវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត លោកឧត្ដមសេនីយ៍ត្រីបានឱ្យដឹងថា ក្នុងរយៈពេល១០ថ្ងៃត្រឹម ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នេះ មានពលករខ្មែរប្រាមាណជាង២០០០០ នាក់ បានឆ្លងកាត់ច្រកទ្វារនេះ។ លោកបានព្យាករណ៍ថា ចំនួនពលករនឹងបន្តកើនឡើងកាន់តែច្រើននៅប៉ុន្មានថ្ងៃខាងមុខនេះ ខណៈដែលថ្ងៃឈប់សម្រាកនៃពិធីបុណ្យចូលឆ្នាំថ្មីកាន់តែខិតជិតមកដល់។

ជាមួយគ្នានេះដែរ អាជ្ញាធរមានសមត្ថកិច្ចនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បាន និងកំពុងធ្វើការយ៉ាងសកម្ម ដើម្បីសម្រួលចរាចរណ៍ និងធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់បងប្អូនពលករដែលកំពុងធ្វើដំណើរត្រឡប់មកស្រុកកំណើតប្រកបដោយសុវត្ថិភាព និងភាពកក់ក្តៅ។ វត្តមានរបស់ពួកគេបានបង្ហាញពីចំណងសាមគ្គីភាព និងការនឹករលឹកចំពោះក្រុមគ្រួសារ និងទឹកដីកំណើត ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសង្គមជាតិខ្មែរ។
សូមបញ្ជាក់ថាប្រមុខរាជរដ្ឋាភិបាលកម្ពុជា-ថៃ បានលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃនៅតាមច្រកទ្វារព្រំដែន អន្តរជាតិកម្ពុជា-ថៃ សម្រាប់បងប្អូនពលករខ្មែរវិលត្រលប់មកស្រុកកំណើត ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនេះ៕
ដោយ ឈុន សារ៉ាត




