ស្នងការនគរបាលខេត្តកំពង់ធំរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្តប្រោះព្រំសុំសេចក្តីសុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
AKP កំពង់ធំ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥-- ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងលោកស្រី អៀង លឹមចេង កាលពីរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំកងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំនិមន្តព្រះសង្ឃ សូត្រមន្តចម្រើនព្រះបរិត្តប្រោះព្រំសុំសេចក្តីសុខ សេចក្តីចម្រើនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់សប្តស័កព.ស២៥៦៩ និងបានឧទ្ទិកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរដែលបានលះបង់សាច់ស្រស់ឈាមស្រស់ពលីសកម្មដើម្បីបុព្វហេតុជាតិមាតុភូមិរហូតប្រទេសជាតិទទួលបានសន្តិភាពយ៉ាងពេញលេញនាពេលបច្ចុប្បន្ន ព្រមទាំងបានបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោកជាសេសទេវតាឆ្នាំថ្មីសូមបីបាច់ថែរក្សាអភិបាលប្រោះព្រំដល់ថ្នាក់ដឹកនាំមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជាសូមទទួលបានសុខភាពល្អបរិបូណ៌ថាមពលខ្លាំងក្លាបញ្ញាវាងវៃចៀសផុតពីជំងឺកាចសាហាវដើម្បីបន្តចូលរួមកសាងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានភាពរីកចម្រើនសម្បូរសប្បាយបន្ថែមទៀត។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ ហេង សុផលនិងលោកស្រី អៀង លឹមចេងបានបូជាផ្កាភ្ញីទៀនធូបជូនព្រះពុទ្ធរូបនិងប្រគេនបច្ច័យ ទេយ្យទាន អង្ករចំនួន៥០០គីឡូក្រាម និងភេសជ្ជៈចំនួន២០កេសប្រគេនដល់ព្រះសង្ឃ។

ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ឧត្តមសេនីយ៍ទោ ហេង សុផល បានដឹកនាំកងកម្លាំងតុបតែងភ្លើងចំរុះពណ៌ទង់ជាតិទង់ជ្វាលា គោម ស្បៃរំយោល លើកកម្ពស់សោភ័ណភាពនិងរៀបចំសម្តែងនូវរបាំត្រុដិ ដើម្បីសុំសេចក្តីសុខសប្បាយបណ្តេញគ្រោះឧបទ្រពចង្រៃឆ្នាំចាស់លើករាសីសម្រាប់ឆ្នាំថ្មី ព្រមទាំងរៀបចំគ្រឿង រណ្តាប់ផ្កាភ្ញីសែនព្រេនទទួលទេវតាឆ្នាំថ្មី តាមទំនៀមទម្លាប់របស់ប្រជាជនខ្មែរយើង៕


ដោយ ឈុន សារ៉ាត




