ប្រជាកសិករស្រុកព្រៃនប់មមាញឹកភ្ជួររាស់បង្កបង្កើនផលដំណាំស្រូវវស្សា២០២៥
AKP ព្រះសីហនុ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥--ការិយាល័យគ្រឿងយន្តកសិកម្ម និងការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានស្រង់ទិន្នន័យនៃការបង្កបង្កើនផលដំណាំស្រូវវស្សា គិតត្រឹមថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥។

តាមការិយាល័យគ្រឿងយន្តកសិកម្ម និងការិយាល័យក្សេត្រសាស្ត្រ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី០៧ ខែមេសា ប្រជាពលរដ្ឋស្រុកព្រៃនប់ ខេត្តព្រះសីហនុ សម្រេចភ្ជួររាស់ដីស្រែរដូវវស្សាអនុវត្តបានចំនួន៦៨ហិកតា បូកយោងបានចំនួន៨៦១ហិកតា ស្មើនឹង៦.៦២ភាគរយ និងព្រោះស្រូវអនុវត្តបានចំនួន១២ហិកតា បូកយោងបានចំនួន១០៦ហិកតា ស្មើនឹង០.៨២ភាគរយនៃផែនការសរុប១៣ ០០០ហិកតា។ ដោយឡែកប្រជាពលរដ្ឋស្រុកកំពង់សិលាមិនទាន់បានភ្ជួររាស់ និងព្រោះស្រូវរដូវវស្សានោះទេ។ ហើយម្យ៉ាងទៀតការភ្ជួររាស់ សាបព្រោះនាពេលបច្ចុប្បន្ន ដោយប្រើប្រាស់គ្រឿងយន្តកសិកម្មមានដូចជា គោយន្ត និងត្រាក់ទ័រជាដើម។

សូមរម្លឹកថា ខេត្តព្រះសីហនុមានស្រុកចំនួនពីរ ដែលមានផ្ទៃដីបង្កបង្កើនផលស្រូវរដូវវស្សាមានដូចជា ស្រុកព្រៃនប់ មានផ្ទៃដីបង្កបង្កើនផលស្រូវរដូវវស្សាមានចំនួន ១១ ២៤០ហិកតា និងស្រុកកំពង់សិលា មានផ្ទៃដីបង្កបង្កើនផលស្រូវរដូវវស្សាមានចំនួន ១ ៧៦០ហិកតា ដោយឡែកស្រុកមួយ និងក្រុងចំនួន៣ផ្សេងទៀត មិនមានផ្ទៃដីបង្កបង្កើនផលស្រូវរដូវវស្សានោះទេ គឺជាដីតំបន់ភ្នំ និងតំបន់នេសាទ៕
ដោយ ងូ សុមុនី





