ក្រសួងការពារជាតិចាត់តំណាងនាំយកអំណោយ ចុះសួរសុខទុក្ខយោធិនពិការក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ
AKPសៀមរាបថ្ងៃទី៨ខែមេសាឆ្នាំ២០២៥--ក្រសួងការពារជាតិបានចាត់តាំងឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក នៃអគ្គនាយកដ្ឋានយោធសេវា ដឹកនាំយកអំណោយនិងថវិការរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានសៀមរាប ចុះសួរសុខទុក្ខបងប្អូននាយទាហាន នាយទាហានរង និងពលទាហានចំនួន២៩៣គ្រួសារ នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការសម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប ដែលការចុះសួរសុខទុក្ខនេះធ្វើឡើងដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលចូលមកដល់នាពេលខាងមុខឆាប់ៗនេះ។

មានមតិសំណេះសំណាលជាមួយបងប្អូនយោធិនពិការកាលពីរសៀលថ្ងៃទី៧ខែមេសា ឆ្នាំ២០២៥ នាពេលនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សាវ៉ន បានអរគុណនយោបាយឈ្នះឈ្នះ ដឹងគុណស្ថាបនិកមគ្គទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាពនិងការឯកភាពជាតិពេញលេញ ធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ហើយឯកឧត្តមក៏បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ដែលជានិច្ចកាល សម្តេចទាំងអស់តែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់យោធិន នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ ជាពិសេសក្នុងមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាបនេះ។

ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សាវ៉ន បានអោយដឹងទៀតថា នៅពេលរដូវបុណ្យទានប្រពៃណីជាតិក៏ដូចពិធីបុណ្យជាតិ រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាគណៈប្រតិភូក្រសួងការពារជាតិ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ តែងតែចុះមកសាកសួរសុខទុក្ខដល់បងប្អូនយោធិនពិការ បាត់បង់សុពលភាពការងារ និងយោធិននិវត្តន៍នៅតាមមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការក៏ដូចនៅតាមបណ្តាកងពល និងអង្គភាពនានាផងដែរ។ ហើយឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះវីរភាព ក្នុងស្មារតីដ៏មុះមុតរបស់បងប្អូនយោធិនពិការទាំងអស់ ដែលបានចូលរួមបូជាសាច់ស្រស់ ឈាមស្រស់ ការពារបូរណភាពដែនដី និងរកសុខសន្តិភាពជូនជាតិមាតុភូមិ រហូតធ្លាក់ខ្លួនពិការ។

គួរបញ្ជាក់ថា អំណោយដែលក្រសួងការពារជាតិនាំយកទៅចែកជូនបងប្អូននាយទាហាន នាយទាហានរងនិងពលទាហាននាពេលនោះមាន អង្ករ៥តោន ថវិកា៣លានរៀល និងចែកជួនដល់បងប្អូនយោធិនពិការ បាត់បង់សុពលភាពការងារ និងយោធិននិវត្តន៍ទាំង ២៩៣នាក់ ដោយម្នាក់ៗទទួលបាន មី ត្រីខកំប៉ុង,ស្ករស, ទឹកដោះគោ និងថវិកា២ម៉ឺនរៀល។ រីឯសិស្សានុ សិស្ស៥៦៧នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ២ក្បាល ប៊ិច១ដើម ប្រាក់៥ពាន់រៀល ថវិកាសម្រាប់គិលានុបដ្ឋាក១លានរៀល និងប្រគេនព្រះសង្ឃមានអង្ករ ,ត្រីខ, មី, អំបិល ,ស្ករស , ទឹកដោះគោ ទឹកក្រូច តែ រួមទាំងបច្ច័យ១លានរៀល និងតាជីយាយជី ម្នាក់ៗក្រណាត់ស១ដុំ បច្ច័យ១ម៉ឺនរៀល៕

ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សាវ៉ន បាននាំយកអំណោយ និងថវិការបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រគល់ជូនមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧សៀមរាប នូវអង្ករ ៥តោន ,ថវិកា៣លានរៀល និង ចែកជួនដល់បងប្អូនយោធិនពិការ បាត់បង់សុពលភាពការងារ និង យោធិននិវត្តន៍ ទាំង ២៩៣នាក់ ដោយម្នាក់ៗទទួលបាន មី, ត្រីខកំប៉ុង,ស្ករស, ទឹកដោះគោ និងថវិកា ២ម៉ឺនរៀល និង សិស្សានុសិស្ស៥៦៧នាក់ ម្នាក់ៗ ទទួលបានសៀវភៅ ២ក្បាល ប៊ិច១ដើម ប្រាក់៥ពាន់រៀល ថវិកាសម្រាប់គិលានុបដ្ឋាក១លានរៀល ប្រគេនព្រះសង្ឃមានអង្ករ ,ត្រីខ, មី, អំបិល ,ស្ករស , ទឹកដោះគោ , ទឹកក្រូច , តែ រួមទាំងបច្ច័យ១លានរៀល តាជីយាយជី ម្នាក់ៗក្រណាត់ស១ដុំ បច្ច័យ១ម៉ឺនរៀល និងគ្រួសារទ័ពដែលមានជម្ងឺកំពុងសម្រាក់ព្យាបាលនៅក្នុងគិលានុបដ្ឋាក ក្នុងម្នាក់ៗទទួលបាន មី, ត្រីខកំប៉ុង,ស្ករស, ទឹកដោះគោ និងថវិកា៣ម៉ឺនរៀលផងដែរ៕


ដោយ៖ ហង្ស សៀក





