ពលករខ្មែរត្រឡប់ពីថៃអបអរសាទរចំពោះការលើកលែងថ្លៃសេវាចូលឆ្នាំថ្មី និងថ្លែងអំណរគុណរាជរដ្ឋាភិបាល
AKP បន្ទាយមានជ័យ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ -- ទឹកមុខញញឹមស្រស់ស្រាយលាយឡំនឹងក្តីរំភើបរីករាយ គឺជាទស្សនីយភាពដែលគេអាចសង្កេតឃើញយ៉ាងច្បាស់ពីបងប្អូនពលករខ្មែរជាច្រើននាក់ ដែលបានធ្វើដំណើរត្រឡប់មកកាន់ទឹកដីកំណើតក្នុងខេត្តបន្ទាយមានជ័យ និងបណ្តាខេត្តផ្សេងៗទៀត អំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលនេះ។ អ្វីដែលធ្វើឱ្យពួកគេកាន់តែសប្បាយចិត្តទ្វេដងនោះ គឺ ការទទួលបានការលើកលែងថ្លៃសេវាចេញ-ចូលប្រទេសថៃ ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ដែលជាការសម្របសម្រួលដ៏យកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ។

លោក ញឹម សុខា ពលករខ្មែរដែលកំពុងធ្វើការងារនៅប្រទេសថៃអស់រយៈពេលជាច្រើនឆ្នាំ បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងនៅពេលបានដឹងដំណឹងដ៏ល្អនេះ។ លោកបាននិយាយថា "ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ នៅពេលឮថា រាជរដ្ឋាភិបាលយើងបានជួយសម្របសម្រួលជាមួយថៃម្តងទៀត រឿងលើកលែងថ្លៃឈ្នួលចេញចូលព្រំដែននេះ។ វាបានជួយសម្រួលដល់ការចំណាយរបស់ពួកខ្ញុំបានមួយផ្នែកធំ ធ្វើឱ្យពួកខ្ញុំមានលុយកាក់សល់ខ្លះសម្រាប់មកលេងស្រុកកំណើតជួបជុំគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ"។

លោក សុខា បានបន្តទៀតថា លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ពលករខ្មែរនៅប្រទេសថៃ និងខិតខំសម្របសម្រួលរហូតមានការលើកលែងថ្លៃសេវានេះជារៀងរាល់ឆ្នាំ។ លោកបានបញ្ជាក់ថា "ពួកខ្ញុំដឹងថា រាជរដ្ឋាភិបាលមិនដែលទុកឱ្យពួកខ្ញុំនៅឯកោទេ តែងតែគិតគូរពីពួកខ្ញុំជានិច្ច"។

ស្របពេលជាមួយគ្នានោះ លោកស្រី ឈិន វណ្ណធូ ដែលជាពលករខ្មែរម្នាក់ទៀតទើបតែត្រឡប់មកដល់ស្រុកកំណើត ក៏បានបង្ហាញក្តីរំភើបរីករាយបានរៀបរាប់ថា ការលើកលែងថ្លៃសេវាចេញ-ចូលប្រទេសថៃក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពលករដូចជារូបគាត់។ លោកស្រី បាននិយាយថា "ធម្មតា ពួកយើងធ្វើការនៅស្រុកគេ មួយខែៗសល់លុយមិនច្រើនទេ ការដែលរដ្ឋាភិបាលជួយលើកលែងថ្លៃឈ្នួលបែបនេះ វាបានជួយកាត់បន្ថយការចំណាយបានច្រើនគួរសម។ ខ្ញុំសប្បាយចិត្តណាស់ ឆ្នាំនេះបានមកលេងស្រុកស្រួល មិនបាច់បារម្ភរឿងបង់លុយចេញចូលព្រំដែន" ។

លោកស្រីបានបន្ថែមទៀតថា ការលើកលែងថ្លៃសេវានេះ ក៏ជាកម្លាំងចិត្តមួយជំរុញឱ្យពលករខ្មែរជាច្រើននាក់សម្រេចចិត្តធ្វើដំណើរមកលេងស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារ និងសាច់ញាតិក្នុងឱកាសដ៏សំខាន់នេះ។ លោកស្រីក៏បានថ្លែងអំណរគុណចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការងារ ដែលបានខិតខំប្រឹងប្រែងក្នុងការងារ និងជួយអន្តរាគមន៍ដល់ពលករខ្មែរនៅប្រទេសថៃ រហូតទទួលបានការលើកលែងថ្លៃសេវានេះជារៀងរាល់ឆ្នាំ។ លោកស្រីបានបញ្ជាក់ថា "នេះជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ និងការយល់ដឹងពីទុក្ខលំបាករបស់ពលករពួកយើងពិតៗ"។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា អាជ្ញាធរខេត្តមានសេចក្តីសោមនស្សរីករាយជាខ្លាំងចំពោះការសម្រេចបាននូវការលើកលែងថ្លៃសេវាចេញ-ចូលប្រទេសថៃសម្រាប់ពលករខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ។ ឯកឧត្តមបានបញ្ជាក់ថា អាជ្ញាធរខេត្តបានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលស្វាគមន៍បងប្អូនពលករដែលវិលត្រឡប់មកលំនៅដ្ឋានវិញ និងបានចាត់ចែងកងកម្លាំងសមត្ថកិច្ចដើម្បីរក្សាសណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍នៅតាមច្រកព្រំដែននានា ដើម្បីធានាបាននូវការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងភាពងាយស្រួលសម្រាប់បងប្អូនទាំងអស់។

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន ប្រធាននគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឱ្យដឹងថា កងកម្លាំងនគរបាលនៅតាមច្រកទ្វារព្រំដែនបានសហការគ្នាយ៉ាងជិតស្និតជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីសម្រួលដល់ការត្រួតពិនិត្យ និងការឆ្លងកាត់ព្រំដែនសម្រាប់ពលករ។ លោកបានណែនាំដល់បងប្អូនពលករទាំងអស់ ឱ្យត្រៀមឯកសារធ្វើដំណើរឱ្យបានត្រឹមត្រូវ និងគោរពច្បាប់ចរាចរណ៍ ដើម្បីចៀសវាងបញ្ហាផ្សេងៗដែលអាចកើតមាន។
គួររំលឹកថា កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ និងក្រុមការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានអញ្ជើញចុះទៅពិនិត្យមើលស្ថានភាព និងស្វាគមន៍បងប្អូនពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ នៅតាមច្រកទ្វារព្រំដែនសំខាន់ៗ ដូចជាច្រកទ្វារព្រំដែនអន្តរជាតិដូង (បានឡែម) ក្នុងខេត្តបាត់ដំបង និងច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យជាដើម។
ការសម្រេចលើកលែងថ្លៃសេវាអនុញ្ញាតចេញ-ចូលប្រទេសថៃ (Re-entry permit) សម្រាប់ពលករខ្មែរ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នេះ គឺជាលទ្ធផលដ៏សំខាន់មួយនៃកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ដែលបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងសេចក្តីថ្លៃថ្នូររបស់ពលករខ្មែរដែលកំពុងបម្រើការងារនៅក្រៅប្រទេស៕
ដោយ: ឈុន ដារ៉ាត





