អាជ្ញាធរស្រុកព្រះនេត្រព្រះ យុទ្ធនាការសម្អាតបរិស្ថានក្នុងស្រុក ឱ្យមានសោភ័ណភាពល្អប្រសើរ
AKPបន្ទាយមានជ័យថ្ងៃទី៤ខែមេសាឆ្នាំ២០២៥--
ជាការពិតណាស់ ក្នុងពេលត្រៀមខ្លួនទទួលអំណរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នាពេលខាងមុខនេះ អាជ្ញាធរស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានរៀបចំយុទ្ធនាការទ្រង់ទ្រាយធំមួយ ដើម្បីសម្អាតបរិស្ថានក្នុងស្រុក ឱ្យមានសោភ័ណភាពល្អប្រសើរ។

យុទ្ធនាការនេះបានដឹកនាំដោយ លោក កែវ ប៊ុនយឿន ប្រធានក្រុមប្រឹក្សាស្រុក និងលោក ហឿន វីរៈ អភិបាលនៃគណៈអភិបាលស្រុកព្រះនេត្រព្រះ ព្រមទាំងមានការចូលរួមពី ក្រុមប្រឹក្សាស្រុក សហភាពសហព័ន្ធយុវជនកម្ពុជាស្រុក អង្គភាពទាំង១៣ កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ សិស្សានុសិស្ស និងអង្គការពាក់ព័ន្ធនានា ជាច្រើនរូប បានចូលរួមយ៉ាងសកម្ម ក្នុងយុទ្ធនាការសម្អាតបរិស្ថានជុំវិញបរិវេណស្រុកព្រះនេត្រព្រះនេះនៅព្រឹកថ្ងៃសុក្រ ទី០៤ ខែមេសា ឆ្នាំ២០២៥នេះ។

ក្នុងឱកាសនោះ លោក ហឿន វីរៈ អភិបាលនៃគណៈអភិបាលស្រុកព្រះនេត្រព្រះ បានមានប្រសាសន៍ថាយុទ្ធនាការសម្អាតបរិស្ថាននេះ គឺដើម្បីលើកកម្ពស់សោភ័ណភាព និងអនាម័យក្នុងមូលដ្ឋានស្រុក ឱ្យកាន់តែប្រសើរឡើង ជាពិសេសដើម្បីត្រៀមខ្លួនទទួលស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពាក់កណ្តាលខែមេសាឆ្នាំ២០២៥ខាងមុខនេះ។
លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមសហការថែរក្សាបរិស្ថានឱ្យបានស្អាតល្អ ដោយកុំបោះសំរាមចោលពាសវាលពាសកាល និងចូលរួមដាំដើមឈើឱ្យបានច្រើន ដើម្បីបរិស្ថានយើងកាន់តែស្រស់បំព្រង។
លោកអភិបាលស្រុកព្រះនេត្រព្រះក៏បានថ្លែងអំណរគុណដល់អ្នកចូលរួមទាំងអស់ ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្ត ចូលរួមក្នុងយុទ្ធនាការដ៏មានសារៈសំខាន់នេះ។

ជាមួយគ្នានេះដែរ លោក កែវ ប៊ុនយឿន ប្រធានក្រុមប្រឹក្សាស្រុកព្រះនេត្រព្រះ ក៏បានលើកឡើងពីសារៈសំខាន់នៃការថែរក្សាបរិស្ថាន និងបានជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីរក្សាបរិស្ថានក្នុងស្រុកឱ្យបានស្អាតល្អជានិច្ច។យុទ្ធនាការសម្អាតបរិស្ថាននេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរស្រុកព្រះនេត្រព្រះ ក្នុងការលើកកម្ពស់សោភ័ណភាព និងអនាម័យក្នុងមូលដ្ឋាន ក៏ដូចជាការត្រៀមខ្លួនទទួលស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលជាបុណ្យប្រពៃណីដ៏សំខាន់របស់ជាតិខ្មែរ៕
ដោយ៖ ឈុនសារ៉ាត





