អាជ្ញាធរខេត្តកំពង់ឆ្នាំងដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័ល
AKP កំពង់ឆ្នាំង ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥-- លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ឆ្នាំ២០២៥ របស់អនុគណៈកម្មការតុបតែងវេទិកាស្តង់ពិព័រណ៍ និងទស្សនីយភាព កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយករងរដ្ឋបាលសាលាខេត្ត និងអភិបាលក្រុង-ស្រុក ផងដែរ។

ក្នុងឱកាសនោះលោក អម សុភា បានមានប្រសាសន៍ថា គណៈកម្មការរៀបចំទីតាំងត្រៀមប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័លនៅខេត្តកំពង់ឆ្នាំង រួមជាមួយមន្ត្រីពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក រៀបចំចាត់ចែងធ្វើកិច្ចការងារនេះប្រកបដោយការទទួលខុសត្រូវខ្ពស់ធ្វើយ៉ាងណារៀបចំកម្មវិធីប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័លខេត្តកំពង់ឆ្នាំង ឆ្នាំនេះ ឱ្យបានល្អដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋ ទាំងក្នុងខេត្ត ក្រៅខេត្ត ជាពិសេសប្រជាពលរដ្ឋដែលធ្វើការងារចំណាកស្រុក ត្រូវបានមកលេងបុណ្យច្រត់ព្រះនង្គ័ល សប្បាយរីករាយអបអរសាទរពិធីបុណ្យប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់នាខែឧសភាឆ្នាំ២០២៥ ក្នុងពេលឆាប់ៗនេះ។

ទន្ទឹមនឹងនេះ លោកអភិបាលរងបានបន្តថា មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សា និងសម្អាតបរិស្ថាននៅក្នុងកន្លែងនីមួយឱ្យបានល្អប្រសើរ និងផែនការការពារថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋដែលអញ្ជើញមកលេងកម្សាន្តសប្បាយឱ្យបានល្អ និងមានប្រសិទ្ធភាព ត្រូវមានរថយន្ដសង្គ្រោះបន្ទាន់ រថយន្ដពន្លត់អគ្គីភ័យ កម្លាំងដើរល្បាត និងកម្លាំងសម្រួលការកកស្ទះចរាចរណ៍ឱ្យបានរលូន និងសុវត្ថិភាពផងដែរ៕



ដោយ បៃ ស៊ីថុន





