ប្រតិភូធនាគារពិភពលោកធ្វើទស្សនកិច្ចសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥-- នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២៥ ប្រតិភូមកពីធនាគារពិភពលោក ទៅទស្សនកិច្ចដោយផ្ទាល់នៅសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ក្នុង ខេត្តតាកែវ។ នេះបើតាមការឱ្យដឹងពី ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

ធនាគារពិភពលោក គឺជាដៃគូអភិវឌ្ឍន៍ នៅពីក្រោយគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ដែលបានចុះកិច្ចព្រមព្រៀងផ្តល់ជំនួយជាង៤លានដុល្លារ ជាផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ និងផ្ទះសំណាញ់ ជូនដល់សហគមន៍ កាលពីពេលថ្មីៗនេះ ហើយការចុះមកទស្សនកិច្ចដល់សហគមន៍កសិកម្មទំនើបរបស់យើងលើកនេះ គឺជាផ្នែកមួយនៃបេសកកម្មគាំទ្រដល់ការអនុវត្តគម្រោងក្នុងពេលកន្លងមក ។

សូមបញ្ជាក់ថា សហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ក៏ទទួលបានហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា ចំនួន ១៦២ ១៥០ ដុល្លារ ផ្លូវក្រាលកៅស៊ូប្រវែង ៥,៥គីឡូម៉ែត្រ ឬស្មើថវិកា ១ ៥០១ ២០០ដុល្លារ។ ក្រៅពីនោះ នៅមានការកែលម្អប្រព័ន្ធធារាសាស្រ្ត ដើម្បីពង្រីកផ្ទៃដីស្រោចស្រព និងប្រព័ន្ធទុយោចែកចាយទឹក សម្រាប់ផ្ទៃដីដាំដុះ ១ ១៥០ ហិកតា ដែលគ្រោងចំណាយថវិកាប្រមាណ ២ ៣៨០ ០០០ ដុល្លារផងដែរ៕


ដោយ ណយ នឿន





