គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តសៀមរាបពាក់ព័ន្ធនឹងការអនុវត្តន៍ច្បាប់និងវិស័យយុត្តិធម៌
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥--ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការ នីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម សោម សារ៉ូ សមាជិកក្រុមប្រឹក្សាខេត្ត។

នៅក្នុងជំនួបកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅសាលាខេត្តសៀមរាប ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានមានប្រសាសន៍ថា ឯកឧត្តម បានដឹកនាំសហការី អញ្ជើញចុះបេសកកម្មនៅខេត្តព្រះវិហារនាពេលនេះ ក្នុងគោលបំណងដើម្បីឈ្វេងយល់ពីប្រសិទ្ធភាពនៃការអនុវត្តន៍ច្បាប់ ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ របស់រដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងបញ្ហាប្រឈមនានាក្នុងវង្វង់វិស័យការងារអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ ដែលពាក់ព័ន្ធនិងសមត្ថកិច្ចគណ:កម្មការទី៦ នៃរដ្ឋសភា។

ឯកឧត្តម ប្រាក់ សោភ័ណ បានមានប្រសាសន៍ថាពាក់ព័ន្ធនិងការអនុវត្តច្បាប់ខេត្តសៀមរាបបានបង្កើតយន្តការដោះស្រាយវិវាទដីធ្លីក្នុងខេត្តសៀម ដោយអោយថ្នាក់ឃុំ សង្កាត់ ប្រើប្រាស់យន្តការគណ:កម្មការដោះស្រាយទំនាស់នៅ ឃុំ សង្កាត់ ថ្នាក់ស្រុកប្រើប្រាស់យន្តការគណ:កម្មការសុរិយោដីក្រុង ស្រុកដោយដោះស្រាយនៅការិយាល័យនីតិកម្មនិងសម្រុះសម្រួលវិវាទនៅមូលដ្ឋាន។ដោយឡែកថ្នាក់ខេត្តដោះស្រាយតាមយន្តការគណ:កម្មការរដ្ឋបាលខេត្ត គណៈកម្មការសុរិយោរដ្ឋបាលខេត្ត ក្រុមការងារដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី។ឯកឧត្តម បានបន្តថាទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋលើដីរដ្ឋ មានបណ្តឹងសរុបចំនួន៣៣២ករណី ដោះស្រាយចប់រួចរាល់មានចំនួន៣១៩ករណី ថ្នាក់ខេត្តនិងថ្នាក់ជាតិ ។បណ្តឹងកំពុងពិនិត្យបន្តដោះស្រាយមាន១៣ករណីបញ្ជូនទៅថ្នាក់ជាតិធ្វើការដោះស្រាយ។ម្យ៉ាងវិញទៀតវិវាទដីធ្លីប្រជាពលរដ្ឋ និងប្រជាពលរដ្ឋមានបណ្តឹងសរុប៦៦៩ករណី បណ្តឹងដែលរដ្ឋបាលទទួលបានមានចំនួន១០១ករណី បណ្តឹងរដ្ឋបាល ក្រុង ស្រុកទទួលបានមានចំនួន៥៦៨ករណី បណ្តឹងដោះស្រាយចប់រួចរាល់មានចំនួន៣៤០ករណី និងកំពុងដោះស្រាយមានចំនួន២៦៨ករណី និងបញ្ជូនទៅស្ថាប័នពាក់ព័ន្ធមានចំនួន៦១ករណី។

ឯកឧត្តម បានបន្ថែមថាលើការងារគ្រឿងញៀនខេត្តបង្ក្រាបបាន៨៦លើក ជួញដូរមាន៥៤លើក និងប្រើប្រាស់៤១លើក។ដោយឡែកពាក់ព័ន្ធនឹងកាអនុវត្តច្បាប់ជាមួយវិស័យចរាចរណ៍ ក្មេងទំនើង និងវិស័យផ្សេងៗទៀតរដ្ឋបាលខេត្តបានសហការល្អជាស្ថាប័នពាក់ព័ន្ធអនុវត្តអោយមានប្រសិទ្ធិភាពទៅតាមផ្លូវច្បាប់។

ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ជូនឯកឧត្តមក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តក៏ដូចជាមន្ទីរពាក់ព័ន្ធដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញភារកិច្ចដើម្បីរួមចំណែកកសាងសេដ្ឋកិច្ចជាតិឱ្យបានរីកចម្រើនលូតលាស់ជាលំដាប់ និងដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការបានល្អប្រសើរ។

ឯកឧត្តម ប្រធានគណៈកម្មការជំនាញរដ្ឋសភា បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរខេត្តទំាងអស់ សូមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ជូនប្រជាពលរដ្ឋ។

ចំពោះសំណូមពរ និងបញ្ហាប្រឈមនានា ដែលមន្ទីរជំនាញលើកឡើង គណៈកម្មការ នឹងធ្វើរបាយការណ៍ជម្រាបជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្នុងការបន្តនីតិវិធី ដោះស្រាយជូន។បន្ទាប់មកគណ:កម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ឣញ្ជើញចុះសិក្សាស្វែងយល់ការអនុវត្តច្បាប់និងវិស័យយុត្តិធម៌របស់សាលាដំបូងខេត្តសៀមរាបនិងអយ្យការអមសាលាដំបួងខេត្តសៀមរាបផងដែរ៕

ដោយ៖ប៊ុនរិទ្ធ





