ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរាជទូតអូស្ត្រាលីកត់សម្គាល់អំពីកិច្ចសហការលើការអនុវត្តច្បាប់
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥--
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម Derek Yip ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់អំពីដំណើរការនៃកិច្ចសហប្រតិបត្តិការលើការអនុវត្តច្បាប់ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃកម្ពុជា និងនគរបាលសហព័ន្ធអូស្ត្រាលីលើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសលើបញ្ហាបទល្មើសបច្ចេកវិទ្យា អំពើឆបោកតាមប្រព័ន្ធអ៊ីនធឺណិត អំពើជួញដូរមនុស្ស រត់ពន្ធមនុស្ស និងគ្រឿងញៀន ការងារគ្រប់គ្រងព្រំដែន ការងារអត្តសញ្ញាណកម្ម និងបទល្មើសផ្សេងទៀតដែលភាគីកម្ពុជា និងអូស្ត្រាលីបានបន្តអនុវត្ត និងពង្រឹងកិច្ចសហប្រតិបត្តិការបានល្អប្រសើរ។ ការកត់សម្គាល់បែបនេះធ្វើឡើងនាជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥។

ក្នុងជំនួបនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានអបអរ ឯកឧត្តម Derek Yip ដែលត្រូវបានរាជរដ្ឋាភិបាលអូស្ត្រាលីផ្តល់សេចក្តីទុកចិត្ត និងតែងតាំងជាឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានចាត់ទុកជំនួបជាមួយឯកឧត្តមឯកអគ្គរាជទូតនាពេលនេះថាជាការបង្ហាញឱ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញការបន្តបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលអូស្ត្រាលី និងក្រសួងមហាផ្ទៃកម្ពុជានាពេលបច្ចុប្បន្ន និងទៅអនាគត។

ក្នុងឱកាសនេះ ឯកឧត្តមឯកអគ្គរាជទូតអូស្ត្រាលីបានសម្តែងនូវការឯកភាពចំពោះការវាយតម្លៃរបស់ឯកឧត្តមអភិសន្តិបណ្ឌិតលើទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលី ហើយក៏បានវាយតម្លៃខ្ពស់ផងដែរចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលអូស្ត្រាលី ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃកម្ពុជា។

ចំពោះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបង្ហាញក្ដីសង្ឃឹមជឿជាក់ថា តាមរយៈបេសកកម្មរបស់ឯកឧត្តម Derek Yip កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងត្រូវបានបន្តពង្រឹងពង្រីកឥតឈប់ឈរបន្ថែមទៀត ជាពិសេសមានជំនឿចិត្តខ្ពស់ថាភាគីអូស្ត្រាលីនឹងបន្តផ្តល់ជំនួយនានា រួមមាន ជំនួយបច្ចេកទេស សម្ភារ និងការបណ្តុះបណ្តាលផ្សេងៗដល់មន្ត្រីអនុវត្តច្បាប់លើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





