ឯកឧត្តម ពេជ្រ វាសនា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ជប៉ុន JICA ចុះពិនិត្យគម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥--
ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ និងជានាយកគម្រោង បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ចុះពិនិត្យវឌ្ឍនភាពគម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ នៅថ្ងៃ២៧ ខែមីនា ឆ្នាំ ២០២៥ ដែលគិតមកដល់ពេលនេះលទ្ធផលការងារសម្រេចបានប្រមាណ៤៣ភាគរយ។ ការចុះពិនិត្យវឌ្ឍនភាពការងារនាពេលនេះមានការអញ្ជើញចូលរួមពីលោកស្រី Akiko MIYASHITA មន្រ្តីជាន់ខ្ពស់របស់ JICA ប្រចាំកម្ពុជា និងសហការី តំណាងទីប្រឹក្សាបច្ចេកទេសគម្រោង តំណាងក្រុមហ៊ុនសាងសង់អន្តរជាតិ មន្ត្រីអង្គភាពគ្រប់គ្រងគម្រោង តំណាងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល។

ឯកឧត្តម អនុរដ្ឋលេខាធិការ បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា ប្រព័ន្ធធារាសាស្ត្រទាំងពីរនេះចូលរួមចំណែកយ៉ាងសំខាន់ដល់ការកាត់បន្ថយទឹកជំនន់ស្ទឹងព្រែកត្នោត និងបានណែនាំដល់ទីប្រឹក្សាបច្ចេកទេសគម្រោង និងក្រុមហ៊ុនសាងសង់ឱ្យរក្សានូវសុវត្ថិភាពការងារ ជាពិសេសការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋក្នុងតំបន់គម្រោង។ គណៈប្រតិភូក៏បានជួបពិភាក្សាការងារជាមួយសហគមន៍កសិករប្រើប្រាស់ទឹកនៅអនុគម្រោងរលាំងជ្រៃ និងអនុគម្រោងកណ្តាលស្ទឹង-បាទី ស្តីពីកិច្ចដំណើរការ និងការថែទាំប្រព័ន្ធធារាសាស្ត្រ ក្រោយពេលបញ្ចប់ការសាងសង់ ព្រមទាំងបានចុះជួបកសិករនៅក្នុងតំបន់គំរូ ក្រោមការបណ្តុះបណ្តាលរបស់ផ្នែកសេវាផ្សព្វផ្សាយកសិកម្មនៅក្នុងអនុគម្រោងទាំងពីរខាងលើផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម អនុរដ្ឋលេខាធិការ និងគណៈប្រតិភូបានចុះពិនិត្យជាក់ស្តែងការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃ ស្ថិតក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងប្រព័ន្ធធារាសាស្ត្រកណ្តាលស្ទឹង-បាទី ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ។

សូមបញ្ជាក់ថា គម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ បានទទួលហិរញ្ញប្បទានសម្បទានពីរាជរដ្ឋាភិបាលជប៉ុនសម្រាប់ការជួសជុល និងការសាងសង់ប្រព័ន្ធធារាសាស្ត្រចំនួនពីរកន្លែង។ បន្ទាប់ពីការសាងសង់រួចប្រព័ន្ធធារាសាស្ត្រទាំងពីរនឹងផ្តល់ទឹកធ្វើស្រែបាន២ ទៅ៣ដងក្នុងមួយឆ្នាំ ខណៈប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃនឹងមានលទ្ធភាពស្រោចស្រពផ្ទៃដីស្រូវវស្សាបានចំនួន ១៦ ៩១០ ហិកតា និងស្រូវប្រាំងបានចំនួន១៥០០ហិកតា ចំណែកប្រព័ន្ធធារាសាស្ត្រកណ្តាលស្ទឹង-បាទីនឹងមានលទ្ធភាពស្រោចស្រពផ្ទៃដីស្រូវបង្កើនរដូវវស្សាបានចំនួន ១ ២០០ ហិកតា ស្រូវរដូវវស្សាបានចំនួន ២ ២០១ហិកតា និងស្រូវប្រាំងបានចំនួន៤០០ហិកតា៕
ដោយ ណយ នឿន (ប្រភព៖ ក្រសួងធនធានទឹក)





