ក្រុមការងារសាងសង់នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តកំពុងមមាញឹកក្នុងការសាងសង់សំណង់ផ្សេងៗដែលកន្លែងខ្លះសម្រេចបានប្រមាណ៦០ភាគរយហើយ
AKP សៀមរាប ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ -- ឯកឧត្តម សោម រតនា ប្រធានក្រុមទំនាក់ទំនងសាធារណៈនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានឱ្យដឹងថា នៅសល់តែប្រមាណជាង២សប្តាហ៍ទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនឹងឈានមកដល់ ខណៈពេលនេះក្រុមការងារគ្រប់ផ្នែងទាំងអស់នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានកំពុងតែមមាញឹកធ្វើការងាររបស់ខ្លួន។

ឯកឧត្តមបានបន្តថា ជាទូទៅគិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ សំណង់នៅក្នុងកម្មវិធីភូមិខ្ញុំឃើញថា សម្រេចបានប្រមាណ៦០ ទៅ៧០ភាគរយហើយ ចំណែកកន្លែងផ្សេងៗទៀត ក៏កំពុងតែពន្លឿនការងារផងដែរ។ ជាមួយគ្នា មានកន្លែងខ្លះក៏មិនទាន់បានសាងសង់ដោយសារការងារទាំងនោះរង់ចាំដល់កៀកថ្ងៃនៃពិធីសិន។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥នេះនឹងធ្វើឡើងចំនួន៦ទីតាំង មាននៅបរិវេណប្រាសាទអង្គរវត្ត សួនច្បារព្រះរាជដំណាក់ ដងស្ទឹងសៀមរាប King’s Road Pub street និងអង្គរឃ្យុងយូ ដោយមានកម្មវិធីកម្សាន្តសប្បាយជាច្រើនមាន ដូចជាការសម្តែងទស្សនីយភាព ចង្វាក់បេះដូងអង្គរ កម្មវិធីភូមិខ្ញុំ កម្មវិធីការប្រកួតអុក កម្មវិធីក្បួនដង្ហែអង្គរសង្រ្កាន្ត កម្មវិធីយុទ្ធគុនចម្រុះបុរាណខ្មែរ កម្មវិធីរបាំបុរាណ ប្រពៃណី និងប្រជាប្រិយ កម្មវិធីសួនញញឹមអង្គរ កម្មវិធីតស់ៗលេងទឹក កម្មវិធីសួនមុនីហទ័យ កម្មវិធីផ្សារស្ទឹងសៀមរាប កម្មវិធីប្រណាំងរទេះគោ ក្របី និងពិធីស្រង់ព្រះជាដើម។

ជាមួយគ្នានេះ ការសម្តែងសិល្បទស្សនីយភាព “ចង្វាក់បេះដូងអង្គរ” ដែលជាការផ្តល់បទពិសោធន៍ថ្មី និងឱកាសដល់សាធារណជនអាចចូលរួមទស្សនាការសម្តែងក្នុងបរិវេណនៃប្រាសាទអង្គរវត្ត (បណ្តាល័យខាងត្បូងនៃប្រាសាទអង្គរ) រយៈពេល៣យប់ នឹងក្លាយជាព្រឹត្តិការណ៍ថ្មីប្លែកមួយក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥៕
ដោយ ឃុត សៅ





