ឯកឧត្តម ឡឹម តារា៖ គ្រូពេទ្យទាំងអស់ត្រូវប្រើឥរិយាបថឱ្យបានសមរម្យចំពោះអ្នកជំងឺ និងចាំទុកថា គ្រូពេទ្យគឺជាអ្នកជួយសង្គ្រោះជីវិតអ្នកជំងឺ
AKP សៀមរាប ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ -- ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ការផ្តល់សេវាបានល្អនៃវិស័យសុខាភិបាល មិនត្រឹមតែជាលក្ខខណ្ឌចាំបាច់ និងមិនអាចខ្វះបានសម្រាប់ចូលរួមចំណែកឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការលើកកម្ពស់ជីវភាពរស់នៅ កាត់បន្ថយការឈឺចាប់ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងលើកកម្ពស់ការជឿជាក់របស់ប្រជាជនចំពោះវិស័យសុខាភិបាល និងការលើកកម្ពស់កិត្ដិយស និងសេចក្ដីថ្លៃថ្នូរនៃ ព្រះរាជាណាចក្រកម្ពុជាយើងផងដែរ។ ការថ្លែងរបស់ឯកឧត្តមបែបនេះបានធ្វើឡើងនៅក្នុងពិធីបើកសន្និបាតបូកសរុបការងារសុខាភិបាលប្រចាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥របស់មន្ទីរសុខាភិបាលខេត្តសៀមរាប នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥។

ឯកឧត្តមបានបន្តថា ក្នុងនាមជាអ្នកផ្ដល់សេវាព្យាបាល ថែទាំសុខភាព គ្រូពេទ្យទាំងអស់ ត្រូវប្រើឥរិយាបថឱ្យបានសមរម្យ និងគោរពនូវក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល ពោលគឺ នៅពេលប្រាស្រ័យទាក់ទងជាមួយប្រជាជន ឬ អ្នកជំងឺ ដោយឈរលើគោលការណ៍ បច្ចេកទេស មនុស្សធម៌ គុណធម៌ សុជីវធម៌ ហើយត្រូវចាំទុកជាប្រចាំថា គ្រូពេទ្យ គឺជាអ្នកជួយសង្គ្រោះជីវិតអ្នកជំងឺ ធ្វើឱ្យអារម្មណ៍អ្នកជំងឺទទួលបានភាពកក់ក្តៅ ដូចប្រសាសន៍សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថាគ្រូពេទ្យមានតួនាទីធ្វើការជំនួសទេវតា។ ដូច្នេះគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល មិនត្រូវចាត់ទុកថា អ្នកជំងឺត្រឹមតែ ជាអតិថិជនរបស់ខ្លួននោះទេ ផ្ទុយទៅវិញត្រូវចាត់ទុកថា អ្នកជំងឺគឺជាជនរងគ្រោះដែលចាំបាច់ត្រូវតែទទួលបាននូវការសង្គ្រោះជីវិត ការព្យាបាល និងការថែទាំសុខភាព ដោយយកចិត្ដទុកដាក់ខ្ពស់បំផុតគ្រូពេទ្យ ដើម្បីធ្វើឱ្យពួកគាត់មានសេចក្ដីសង្ឃឹមក្នុងជីវិត និងកាន់តែមានជំនឿទុកចិត្ដ ភាពកក់ក្ដៅ និងការដឹងគុណ។

ឯកឧត្តមរដ្ឋលេខាធិការបានកោតសសើរចំពោះមន្ត្រីសុខាភិបាល អង្គការជាតិ-អន្ដរជាតិ សប្បុរសជន អាជ្ញាធរមូនដ្ឋាន និងភ្នាក់ងារផ្ដល់សេវាសុខាភិបាល ពិសេស អាជ្ញាធរខេត្តសៀមរាប ដែលតែងតែរួមសុខ រួមទុក្ខជាមួយគ្នា រាល់គ្រប់បញ្ហាធំៗ និងគ្រោះអាសន្នផ្សេងៗប្រកបដោយប្រសិទ្ធភាព ក្នុងទិសដៅចូលរួមចំណែកដ៍ធំធេងជាមួយនឹងរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជន។ ហើយការជួបជុំគ្នានៅថ្ងៃនេះពិតជាឱកាសដ៏មានសារៈសំខាន់បំផុត ដើម្បីផ្តល់នូវធាតុចូលតាមរយៈការផ្តល់មតិយបល់ បទពិសោធន៍ការងារ និងបញ្ចេញកង្វល់ដែលនៅសេសសល់ ដាក់ជូនអង្គសន្និតបាតពិភាក្សារកដំណោះស្រាយ ដើម្បីឈានទៅសម្រេចគោលដៅនៅឆ្នាំខាងមុខ៕

ដោយ ឃុត សៅ





