អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងក្រុមហ៊ុន DHL EXPRESS ចុះអនុស្សរណៈយោគយល់គ្នា សម្រាប់ការគ្រប់គ្រង និងការផ្លាស់ប្ដូរព័ត៌មានកញ្ចប់បញ្ញើឆាប់រហ័ស
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ -- អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) និងក្រុមហ៊ុន DHL EXPRESS (CAMBODIA) LTD. បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្ដីពីការគ្រប់គ្រងនិងការផ្លាស់ប្ដូរព័ត៌មានកញ្ចប់បញ្ញើឆាប់រហ័ស ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មនិងការផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិក ក្នុងការជំរុញឱ្យវិស័យដឹកជញ្ជូនបញ្ញើរហ័សកាន់តែមានលក្ខណៈល្អប្រសើរ។ ពិធីចុះអនុស្សរណៈនេះបានធ្វើឡើង នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង លោក Prayag Chitrakar ប្រធានក្រុមហ៊ុន DHL EXPRESS (CAMBODIA) LTD.។ ពិធីនេះក៏មានការចូលរួមពីសំណាក់តំណាងក្រុមការងារពិសេសរបស់នាយករដ្ឋមន្ត្រីលើកិច្ចការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយពាក់ព័ន្ធនឹងវិស័យឯកជន, ក្រុមហ៊ុនប្រតិបត្តិករបញ្ញើឆាប់រហ័ស, សភាពាណិជ្ជកម្មកម្ពុជា, តំណាងដៃគូអភិវឌ្ឍន៍, ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីគយនិងរដ្ឋាករមួយចំនួន ផងដែរ។

លោក Prayag Chitrakar បានថ្លែងនូវអំណរគុណចំពោះអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាដែលបានផ្តួចផ្តើមគំនិតក្នុងការរៀបចំឯកសារអនុស្សរណៈនៃការយោគយល់គ្នានេះឡើង និងបានប្ដេជ្ញាថា នឹងចូលរួមជាមួយរាជរដ្ឋាភិបាល ជាពិសេសអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងការជំរុញឱ្យវិស័យដឹកជញ្ជូនបញ្ញើរហ័សនេះកាន់តែមានលក្ខណៈល្អប្រសើរ ឈានទៅប្រែក្លាយកម្ពុជាទៅជា Logistics Hub ក្នុងតំបន់ និងការលើកកម្ពស់ឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងវិស័យឡូជីស្ទិក។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត គុណ ញឹម បានគូសបញ្ជាក់ថា ការចុះ MOU នាឱកាសនេះ គឺជាវឌ្ឍនភាពថ្មីមួយទៀតក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន DHL Express (Cambodia) ដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម, ការកែលម្អបរិយាកាសធុរកិច្ចនិងវិនិយោគនៅកម្ពុជា ក៏ដូចជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ ក៏បានជម្រាបជូនអំពីសមទ្ធិផលសំខាន់ៗ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នាពេលកន្លងមក លើការធ្វើទំនើបកម្មស្ថាប័ននិងកិច្ចសម្រួលពាណិជ្ជកម្ម មានជាអាទិ៍ ការដាក់ឱ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window), ការធ្វើស្វ័យប្រវត្តិកម្មពេញលេញនូវនីតិវិធីបំពេញបែបបទបញ្ចេញទំនិញពីគយ, ការដាក់ឱ្យអនុវត្តកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត (AEO), ការអនុវត្តនីតិវិធីបំពេញបែបបទគយមុនពេលទំនិញមកដល់ (Pre-Arrival Processing), ការពង្រីកវិសាលភាពការប្រើប្រាស់ e-Payment ជាដើម។

ជាមួយគ្នានេះផងដែរ សម្រាប់ការអនុស្សរណៈនៃការយោគយល់គ្នានេះ គឺការពង្រឹងកិច្ចសហការរវាង អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងក្រុមហ៊ុន DHL ក្នុងការតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មនិងការផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិក, ការកាត់បន្ថយតម្រូវការឯកសារអមភ្ជាប់ប្រតិវេទន៍គយ, ការកាត់បន្ថយបន្ទុកនៃការបញ្ចូលទិន្នន័យប្រតិវេទន៍គយ, ការកែលម្អមុខងារគ្រប់គ្រងហានិភ័យ និងការរៀបចំឱ្យមានបណ្ដាញទំនាក់ទំនងរបស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងក្រុមហ៊ុន DHL ជាដើម ដែលកិច្ចការទាំងនេះ នឹងធ្វើឱ្យដំណើរការនៃការបំពេញបែបបទបញ្ចេញទំនិញពីគយកាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងប្រកបដោយអនុលោមភាព។

គួរបញ្ជាក់ផងដែរថា កន្លងមក អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ធ្លាប់បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយស្ថាប័នឬក្រុមហ៊ុនមួយចំនួន ដូចជា សមាគមអេឡិចត្រូនិចនិងបច្ចេកវិទ្យាកម្ពុជា (CETA), ក្រុមហ៊ុន Chipmong Insee Cement Corporation និងជាពិសេសគឺ MOU ជាមួយប្រៃសណីយ៍កម្ពុជាលើកិច្ចសហការផ្លាស់ប្តូរព័ត៌មានកញ្ចប់បញ្ញើប្រៃសណីយ៍ សំដៅផ្ដល់កិច្ចសម្រួលបន្ថែមទៀត ក៏ដូចជាលើកកម្ពស់អនុលោមភាពនៃការបំពេញបែបបទបញ្ចេញទំនិញពីគយ៕



ដោយ៖ រិទ្ធី, រូបថត៖ អ៊ុង ហុងលៀង





