អភិបាលខេត្តកណ្ដាលអនុញ្ញាឱ្យក្រុមការងារ E-School Cambodia ធ្វើបទបង្ហាញអំពីកម្មវិធីសិក្សាតាម Online App E-School Cambodia
AKP កណ្ដាល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥-- នៅសាលប្រជុំសាលាខេត្តកណ្ដាល ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យក្រុមការងារ E-School Cambodia ចូលជួបសម្តែងការគួរសម និងធ្វើបទបង្ហាញអំពីកម្មវិធីសិក្សាតាម Online App E-School Cambodia និងថ្នាក់បង្រៀនកុំព្យូទ័រដោយឥតគិតថ្លៃ ក្នុងក្របខ័ណ្ឌខេត្តកណ្តាល។

ក្នុងជំនួបសម្ដែងការគួរសម និងធ្វើបទបង្ហាញអំពីកម្មវិធីសិក្សាតាម Online App E-School Cambodia លោក ឈន ឈុនឡេង ស្ថាបនិក E-School Cambodia បានឱ្យដឹងថា ដើម្បីគាំទ្រនូវយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលពិសេសគឺបង្កើតនូវធនធានមនុស្សឌីជីថល E-School Cambodia បានជំរុញស្វ័យសិក្សានៅផ្ទះ តាមរយៈ Online ជាមួយ App E-School Cambodia ដោយបន្ថែមទៅលើចំណេះដឹង Digital ដែល E-School Cambodia មានរៀបចំជាកម្មវិធីបង្រៀន Computer កម្រិតបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ដោយចង់ផ្សាភ្ជាប់យុវជនទៅនឹងបច្ចេកវិទ្យា ជំរុញឱ្យយុវជនស្រឡាញ់ការសិក្សាបច្ចេកវិទ្យា និងសង្ឃឹមថាយុវជនអាចបង្កើតស្នាដៃផ្សេងៗពីចំណេះដឹងDigitalដើម្បីឈានដល់ការរៀបចំពិព័រណ៍នាពេលខាងមុខ។

លោក ឈន ឈុនឡេង បានសំណូមពរដល់អាជ្ញាធរខេត្ត ពិសេសមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល ស្នើឱ្យមានកិច្ចសហការ ធ្វើយ៉ាងណាឱ្យមានការចុះឈ្មោះតាមរយៈ App E-School Cambodia ឱ្យបានច្រើន និងសូមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យក្រុមយុវជនស្ម័គ្រចិត្តផ្នែកព័ត៌មានវិទ្យារបស់ E-School Cambodia ដើម្បីទៅបង្រៀនបច្ចេកវិទ្យាព័ត៌មានវិទ្យាដល់សាលាឃុំគោលដៅផងដែរ។
មានប្រសាសន៍ក្នុងជំនួបនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានសម្ដែងការស្វាគមន៍ ចំពោះក្រុមការងារ E-School Cambodia ដែលបានមកធ្វើបទបង្ហាញកម្មវិធីសិក្សាតាម Online App E-School Cambodia និងថ្នាក់បង្រៀនកុំព្យូទ័រឥតគិតថ្លៃ និងបានស្នើដល់មន្ទីរអប់រំយុវជន និងកីឡាខេត្ត និងមន្ទីរព័ត៌មានខេត្ត ត្រូវធ្វើការផ្សព្វផ្សាយទៅតាមសាលារៀន តាមរយៈបណ្ដាញរបស់យុវជន មានដូចជា ស.ស.យក យុវជនស្ម័គ្រចិត្តកាកបាទក្រហម យុវជនកាយរិទ្ធ និងតាមវិទ្យាល័យនីមួយៗ ដើម្បីចូលចុះឈ្មោះ ក្នុងការរៀនដោយឥតគិតថ្លៃ តាមរយៈ App E-School Cambodia ឱ្យបានច្រើន៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





