រដ្ឋមន្ត្រីក្រសួងកសិកម្មលើកទឹកចិត្តកសិករបន្ទាយឆ្មារឆ្ពោះទៅរកកសិកម្មទំនើបតាមកិច្ចសន្យា
AKPបន្ទាយមានជ័យថ្ងៃទី២៧ខែមីនាឆ្នាំ២០២៥--ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥បានដឹកនាំគណៈប្រតិភូក្រសួង រួមជាមួយ ឯកឧត្តម ឈឿន ក្រៃយ៉ុង អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត បានអញ្ជើញចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយក្រុមប្រឹក្សាឃុំបន្ទាយឆ្មារ មេភូមិ អនុភូមិទាំង ១៦ ភូមិ នៅក្នុងសាលាឃុំបន្ទាយឆ្មារ។

បន្ទាប់មក ឯកឧត្តមរដ្ឋមន្ត្រីបានបន្តដំណើរចុះសួរសុខទុក្ខ និងលើកទឹកចិត្តបងប្អូនកសិករដែលជាសមាជិកនៃសហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារ នៅចំការរបស់កសិករ ណាំ រួស ផងដែរ។
ដំណើរចុះមកកាន់ឃុំបន្ទាយឆ្មារនាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ចំពោះជីវភាព និងការអភិវឌ្ឍន៍វិស័យកសិកម្មនៅតាមបណ្តាខេត្ត ជាពិសេសតំបន់ដែលមានសក្តានុពលដូចជាឃុំបន្ទាយឆ្មារនៃស្រុកថ្មពួក។ ជំនួបសំណេះសំណាលបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងបើកចំហ ដែលអនុញ្ញាតឱ្យថ្នាក់ដឹកនាំ និងកសិករបានផ្លាស់ប្តូរយោបល់គ្នាដោយផ្ទាល់លើបញ្ហាប្រឈម និងឱកាសនានាក្នុងវិស័យកសិកម្ម។

នៅក្នុងឱកាសនោះ ឯកឧត្តម ឌិត ទីណា បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាឃុំ មេភូមិ និងបងប្អូនកសិករទាំងអស់ក្នុងការរួមគ្នាអភិវឌ្ឍន៍វិស័យកសិកម្មក្នុងមូលដ្ឋាន។ ឯកឧត្តមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរួបរួមគ្នាជាសហគមន៍ ដើម្បីពង្រឹងសមត្ថភាពផលិត ការចរចាតម្លៃទីផ្សារ និងការកាត់បន្ថយហានិភ័យផ្សេងៗ។
ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យសហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារបន្តពង្រឹង និងពង្រីកសកម្មភាពរបស់ខ្លួន ឆ្ពោះទៅរកការកែប្រែខ្លួនទៅជាសហគមន៍កសិកម្មទំនើបព្រោះថាមិនត្រឹមតែផ្តោតលើការបង្កើនទិន្នផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគិតគូរដល់គុណភាព សុវត្ថិភាពចំណីអាហារ និងនិរន្តរភាពបរិស្ថានផងដែរ។
“គោលដៅសំខាន់របស់យើងគឺធ្វើយ៉ាងណាឱ្យបងប្អូនកសិករមានប្រាក់ចំណូលស្ថេរភាព និងជីវភាពកាន់តែប្រសើរឡើង។ ការបង្កើតសហគមន៍កសិកម្មរឹងមាំ និងការអនុវត្តកសិកម្មតាមកិច្ចសន្យា គឺជាគន្លឹះដ៏សំខាន់ក្នុងការសម្រេចគោលដៅនេះ” ឯកឧត្តម ឌិត ទីណា បានថ្លែងយ៉ាងដូច្នេះ។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសន្យាកសិកម្ម ដែលនឹងធានាបាននូវទីផ្សារលក់ផលិតផល និងតម្លៃសមរម្យសម្រាប់កសិករ។ បានណែនាំឱ្យសហគមន៍ពិចារណាលើការចុះកិច្ចសន្យាជាមួយក្រុមហ៊ុន ឬអាជីវករដែលមានតម្រូវការទីផ្សារច្បាស់លាស់ ដើម្បីធានាបាននូវស្ថិរភាពនៃផលិតកម្ម និងប្រាក់ចំណូល។
ក្នុងឱកាសសំណេះសំណាលនោះ បងប្អូនកសិករបានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូដែលបានផ្តល់កិត្តិយសចុះមកជួប និងស្តាប់នូវបញ្ហាប្រឈមរបស់ពួកគាត់ដោយផ្ទាល់។
កសិករបានស្នើសុំឱ្យក្រសួង និងមន្ទីរកសិកម្មខេត្ត បន្តផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសថ្មីៗ លើការដាំដុះ ការចិញ្ចឹមសត្វ ការគ្រប់គ្រងដំណាំ និងការប្រើប្រាស់ជីថ្នាំឱ្យមានប្រសិទ្ធភាព និងសុវត្ថិភាព។
កសិករបានលើកឡើងអំពីបញ្ហាប្រព័ន្ធធារាសាស្រ្តមិនទាន់គ្រប់គ្រាន់ និងផ្លូវថ្នល់ដែលរងការខូចខាត ដែលជាឧបសគ្គដល់ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ។ ពួកគាត់បានស្នើសុំឱ្យមានការជួយសាងសង់ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធទាំងនេះ។
ជួយសម្របសម្រួលក្នុងការស្វែងរកទីផ្សារ និងការកសាងបណ្តាញជាមួយអាជីវករ និងក្រុមហ៊ុននានាសុំឱ្យមានការគាំទ្រលើផ្នែកឥណទានកសិកម្ម។
បន្ទាប់ពីបានស្តាប់នូវសំណូមពរ និងក្តីកង្វល់របស់កសិកររួចមក ឯកឧត្តម ឌិត ទីណា បានកត់ត្រាទុកនូវរាល់បញ្ហាទាំងអស់ និងបានសន្យាថានឹងយកបញ្ហាទាំងនេះទៅពិភាក្សា និងស្វែងរកដំណោះស្រាយជាមួយមន្ត្រីជំនាញពាក់ព័ន្ធ។ ឯកឧត្តមបានបញ្ជាក់ថា ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ដើម្បីគាំទ្រ និងលើកកម្ពស់វិស័យកសិកម្មនៅទូទាំងប្រទេស។

ដំណើរចុះសំណេះសំណាលរបស់ឯកឧត្តម ឌិត ទីណា នាពេលនេះ បានបន្សល់ទុកនូវក្តីសង្ឃឹម និងកម្លាំងចិត្តថ្មីមួយដល់បងប្អូនកសិករឃុំបន្ទាយឆ្មារ។ ពួកគាត់មានជំនឿជាក់ថា ក្រោមការដឹកនាំដ៏យកចិត្តទុកដាក់របស់ក្រសួងកសិកម្ម និងរាជរដ្ឋាភិបាល វិស័យកសិកម្មនៅឃុំបន្ទាយឆ្មារ ក៏ដូចជានៅទូទាំងប្រទេស នឹងបោះជំហានទៅមុខកាន់តែរឹងមាំ និងរីកចម្រើន៕
ដោយ៖ឈុនសារ៉ាត





