អភិបាលខេត្តកំពង់ធំ អំពាវនាវដល់យុវជនទាំងអស់ សូមរួមគ្នាការពារ អភិរក្សនិងអភិវឌ្ឍ ក្នុងនាមជាអ្នកបន្តវេនរបស់កម្ពុជាដែលជាមហាអំណាចមួយនៃវប្បធម៌
AKPកំពង់ធំថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥--ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់យុវជនទាំងអស់ សូមរួមគ្នាការពារ អភិរក្សនិងអភិវឌ្ឍក្នុងនាមជាអ្នកបន្តវេនរបស់កម្ពុជាដែលជាមហាអំណាចមួយ នៃវប្បធម៌។ការអំពាវនាវនេះក្នុងឱកាសឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ"យុវជន ដើម្បីវប្បធម៌ជាតិ"កាលពីថ្ងៃទី២៦ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ធំ ។

ឯកឧត្តម នួន ផារ័ត្ន មានប្រសាសន៍ថា ប្រទេសកម្ពុជាបានកើតឡើងជាមួយ ប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ ប្រពៃណីទំនៀមទំលាប់ដ៏យូរលង់និង ច្បាស់លាស់ ដែលមកទល់បច្ចុប្បន្ននេះ សិល្បៈ វប្បធម៌ បេតិកភ័ណ្ឌទាំងរូបី និងអរូបី ដ៏សម្បូរណ៍បែប ដែលត្រូវបានបង្កើត បន្សល់ទុកនិងថែរក្សាការពារដោយបុព្វបុរស់គ្រប់ជំនាន់ គឺជាសក្ខីភាពនិងបានក្លាយជាអត្តសញ្ញាណជាតិដ៏ថ្លៃថ្លារបស់ជាតិ និងប្រជាជន។ កិច្ចការបន្តវេនថែរក្សា ការពារ និងអភិវឌ្ឍន៍ បានក្លាយជាកាតព្វកិច្ច របស់កូនខ្មែរគ្រប់ៗរូប ហើយបច្ចុប្បន្ន ភារកិច្ចនេះមិនត្រឹមតែផ្តោតគោលដៅការ ការពារអត្តសញ្ញាណជាតិតែមួយមុខនោះទេ ប៉ុន្តែ ថែមទាំងជាកិច្ចខិតខំបង្វែរទិសបន្ថែមទៀតដល់វិស័យសិល្បៈវប្បធម៌ ក្នុងការចូលរួមដោយផ្ទាល់ និងដោយប្រយោលដល់កំណើនសេដ្ឋកិច្ច និងទ្រទ្រង់ជីវភាពប្រជាជន តាមរយៈការកសាងជំនាញបន្តវេន បង្ករបង្កើតការងារ និងតាមរយៈការរីកចម្រើនរបស់វិស័យ ឧស្សាហកម្មវប្បធម៌។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់បន្ថែមទៀតថា កិច្ចអភិរក្ស ការពារ និងអភិវឌ្ឍសិល្បៈវប្បធម៌ ជាការងារគ្មានទីបញ្ចប់ និងទាមទារឱ្យមាន កិច្ចខិតខំប្រឹងប្រែងជាប់មិនដាច់ ព្រមទាំងកសាងឱ្យបាន នូវយុវជនបន្តវេនប្រកបដោយជំនាញ វិជ្ជាជីវៈនិងមនសិការខ្ពស់៕



ដោយ៖ ស៊ុំ វណ្ណា





