អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា អំពាវនាវសិស្សានុសិស្សត្រូវខិតខំសិក្សារៀនសូត្រដើម្បីក្លាយជាទំពាំងស្នងឫស្សីនិងជួយអភិវឌ្ឍសហគមន៍របស់ខ្លួន
AKP កំពង់ធំថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥--អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជាបានអំពាវនាវដល់សិស្សានុសិស្សត្រូវខិតខំសិក្សារៀនសូត្រដើម្បីក្លាយជាទំពាំងស្លោកឬស្សីនិងជួយអភិវឌ្ឍសហគមន៍របស់ខ្លួនក្នុងឱកាសដែលអ្នកឧកញ៉ានិងសហការី តំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ព្រមទាំងអាជ្ញាធរខេត្តកំពង់ធំនិងស្រុកស្ទោងបានអញ្ជើញចុះសួរសុខទុក្ខនិងចែកអំណោយសមាគមឧកញ៉ាកម្ពុជាជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូនៅសាលាបឋមសិក្សា ហ៊ុន សែន ឈូកជីព្រះ ស្ថិតនៅក្នុងឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២៥។

ក្នុងឱកាសនោះអ្នកឧកញ៉ា ហ៊ុន ឡាក់បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកអ្នកឧកញ៉ាលី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ដែលលោកអ្នកឧកញ៉ាតែងគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់វិស័យអប់រំនៅកម្ពុជានិងបានចូល ចំណែកយ៉ាងធំធេងបំផុតក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ ជាពិសេសការចូលរួមកសាងនូវមូលធនមនុស្ស អគារសិក្សាសម្រាប់សាលាបឋមសិក្សាហ៊ុនសែនឈូកជីព្រះនេះផងដែរ។

អ្នកឧកញ៉ាហ៊ុន ឡាក់បានមានប្រសាសន៍ថា មានតែចំណេះដឹងពិតប្រាកដទេដែលនាំឱ្យក្មួយៗ កូន ចៅ មានអនាគតភ្លឺស្វាងហើយត្រូវខិតខំសិក្សាឱ្យអស់ពីលទ្ធភាព ទាំងនៅក្នុងសាលារៀននិងនៅតាមគេហដ្ឋាន ហើយត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀនឬអំពើអបាយមុខផ្សេងៗនិងធ្វើខ្លួនឱ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ គ្រប់ពេលវេលា។

អ្នកឧកញ៉ាហ៊ុន ឡាក់បានកោតសរសើរនិងថ្លែងអំណរគុណដល់ឯកឧត្តម វង្សី វិស្សុតឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ ដែលឯកឧត្តមតែងតែមានទំនាក់ទំនងល្អនិងសហការខ្ពស់ជាមួយសមាគមឧកញ៉ាកម្ពុជាដែលតែងតែដឹកនាំចុះចែកអំណោយផ្សេងៗនៅក្នុងខេត្តកំពង់ធំក៏ដូចជា កសាងនូវអគារសិក្សាជាច្រើនខ្នង នៅតាមបណ្ដាស្រុកនានាក្នុងខេត្តផងដែរ។

សូមបញ្ជាក់ថា សាលាបឋមសិក្សា ហ៊ុន សែន ឈូកជីព្រះ ទទួលបាននូវអគារសិក្សាថ្មី១ខ្នង មាន៥បន្ទប់ពីសមាគមឧកញ៉ាកម្ពុជា ហើយក្នុងឱកាសនោះដែរគណៈអធិបតីបានចែកជូនដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ នូវកង់ សម្ភារសិក្សា ឯកសណ្ឋានកីឡានិងថវិកាមួយចំនួនផងដែរ៕
ដោយ៖ ស៊ុំ វណ្ណា





