រដ្ឋបាលខេត្តកំពង់ឆ្នាំងបើកសិក្ខាសាលាស្ដីពីវឌ្ឍនៈរបស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍
AKP កំពង់ឆ្នាំង ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥-- លោក យិន សាវ៉េន អភិបាលរងខេត្ដកំពង់ឆ្នាំងនិងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកសិក្ខាសាលាស្ដីពីវឌ្ឍនៈរបស់គណៈកម្មាធិការប្រយុទ្ធនិងជំងឺអេដស៍ខេត្តកំពង់ឆ្នាំងប្រចាំឆមាសទី១ ឆ្នាំ២០២៥ កម្មវិធីនេះធ្វើនៅមន្ទីពេទ្យខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ដ និង អភិបាល ក្រុង ស្រុកទាំង៨ ចូលរួមផងដែរ។

ក្នុងឱកាសនោះលោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានមានប្រសាសន៏ឱ្យដឹងថា ប៉ុន្មានឆ្នាំចុងក្រោយនេះខេត្តកំពង់ឆ្នាំង គឺធានារក្សាបាន គ្មានប្រជាពលរដ្ឋណាស្លាប់ដោយករណី ឆ្លងរាលដាលមេរោគអេដស៍និងជំងឺអេដស៍នោះទេ ក្នុងដំណាក់កាលដែលស្ថានភាពថវិកាមានបញ្ហាប្រឈម រួមនឹងនិន្នាការធ្លាក់ចុះនៃហិរញ្ញប្បទានក្រៅប្រទេស។ នៅក្នុងរយៈពេលដំណាក់កាលនេះ យើងទាំងអស់គ្នាចាប់ផ្តើមបំពេញតួនាទីក្នុងភាពជាម្ចាស់ រួមនឹងការពង្រឹងភាពជាអ្នកដឹកនាំ ជាពិសេសការទទួលខុសត្រូវរបស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ នៅតាមបណ្តាមន្ទីរ ស្ថាប័ន ខេត្ត ស្រុក រួមជាមួយអង្គការដៃគូ ក្នុងការពង្រីកសក្តានុពលនៃបទអន្តរាគមន៍នានា ក៏ដូចជាធ្វើការសិក្សាស្រាវជ្រាវ និងជំរុញលើកទឹកចិត្តអ្នកសង្ស័យថាផ្ទុកមេរោគអេដស៍ ឱ្យមកទទួលសេវាធ្វើតេស្តរកមេរោគអេដស៍ ដើម្បីឈានឆ្ពោះទៅសម្រេចបានគោលដៅគ្មានមេរោគអេដស៍។

ទន្ទឹមនឹងនេះលោក យិន សាវ៉េន អភិបាលរងខេត្ដកំពង់ឆ្នាំងបានមានប្រសាសន៍ថា ដើម្បីឈានទៅសំរេចទិសដៅយុទ្ធសាស្រ្តជាតិលុបបំបាត់ជម្ងឺ-មេរោគអេដស៍ អោយបាន យើងត្រូវរួមគ្នាគិតគូ ទាំងមន្ទីរស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធ អង្គការដៃគូ អាជ្ញាធរដែនដី បណ្តាញអ្នកស្ម័គ្រចិត្តភូមិ និងសហគមន៍ ដែលជាក្រុមការងារពិសេស ត្រូវជម្រុញការងារនេះសម្រេចតាមទិសដៅយុទ្ធសាស្រ្តជាតិ ប្រទេសកម្ពុជា គ្មានមេរោគអេដស៍ ។

ក្នុងបរិបទនេះលោកអភិបាលរងខេត្តបានបញ្ជាក់ទៀតថា ក្នុងកាងារប្រយុទ្ធនឹងជំងឺអេសដ៍ដែលក្នុងនោះ៩០% នៃអ្នកផ្ទុកមេរោគអេដស៍កំពុងទទួលបានការព្យាបាលដោយថ្នាំប្រឆាំងមេរោគអេដស៍ តែចំនួននៃការឆ្លងមេរោគអេដស៍ថ្មី ជាពិសេសក្នុងចំណោមយុវជនវ័យក្មេង និងការស្លាប់ដោយសារជំងឺអេដស៍នៅតែជាការព្រួយបារម្ភ ដែលយើងទាំងអស់គ្នាត្រូវផ្តោតការយកចិត្តទុកដាក់ និងចូលរួមប្រយុទ្ធទប់ស្កាត់ឱ្យសកម្មបំផុត។ ការរើសអើង និងការមាក់ងាយនៅគ្រប់ទម្រង់ចំពោះអ្នករស់នៅជាមួយមេរោគអេដស៍ និងក្រុមប្រឈមមុខនៅតែ មានបន្តដែលជាឧបសគ្គចម្បងសម្រាប់ការឆ្លើយតបនឹងមេរោគអេដស៍ផងដែរ។ ម្យ៉ាងទៀត ប្រជាពលរដ្ឋទាំងអស់ត្រូវតែរស់នៅស្អាត ផឹកស្អាត និងរស់នៅក្នុងបរិស្ថានល្អ កុំចោសសំរាមពាលវាលពាសកាល។បងប្អូនប្រជាពលរដ្ឋទាំងអស់ និងមន្ត្រីជំនាញពាក់ព័ន្ធ ចូលរួមយ៉ាងសកម្មរក្សាបាននូវបរិស្ថាន ពិសេសអនាម័យជុំវិញផ្ទះ សម្រាម ព្រៃស្មៅ និងសំបកកំប៉ុងផ្សេងៗ។ល។ ដែលជាបច្ច័យអាក្រក់ផ្ដល់ជំរកដល់សត្វមូស បណ្ដាលឱ្យបង្ករការរំខានដល់បងប្អូនប្រជាពលរដ្ឋពិសេសកុមារតូចបណ្ដាលឱ្យមានមេរោគគ្រុន ក្រៅពីមេរោគអេដស៍ផងដែរ ៕

ដោយ៖ បៃ ស៊ីថុន





