សមាគមឧកញ៉ាកម្ពុជា ចែកអំណោយជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសាលាបឋមសិក្សាក្រចាប់ក្រុងស្ទឹងសែន
AKPកំពង់ធំថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥--ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំកាលពីថ្ងៃទី២៦ខែមីនាឆ្នាំ២០២៥បានអញ្ជើញជូនដំណើរសមាគមឧកញ៉ាកម្ពុជា តំណាងដោយ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជាអញ្ជើញចែកអំណោយរបស់សមាគមឧកញ៉ាកម្ពុជារួមមានកង់សម្ភារៈសិក្សា និងថវិកាមួយចំនួនជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សាលាបឋមសិក្សាក្រចាប់ស្ថិតនៅក្នុងក្រុងស្ទឹងសែនខេត្តកំពង់ធំ។

ក្នុងឱកាសនោះឯកឧត្តម នួន ផារ័ត្នបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនសមាគមឧកញ៉ាកម្ពុជាទាំងអស់ ដែលបានចូលរួមបរិច្ចាគជាថវិកា និងសម្ភារៈ តាមរយៈឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ហើយថវិកាទាំងអស់នេះ ពិតជាមានតម្លៃខ្លាំងណាស់ សម្រាប់លើកស្ទួយវិស័យអប់រំនៅខេត្តកំពង់ធំក្នុងការកសាងធនធានមនុស្សប្រកបដោយគុណភាព គុណតម្លៃ អភិវឌ្ឍន៍ប្រទេសជាតិមានការរីកចម្រើនបានឆាប់រហ័ស។

អ្នកឧកញ៉ា ហ៊ុន ឡាក់ បានផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ឱ្យខិតខំប្រឹងប្រែងរៀនសូត្រដើម្បីអនាគតភ្លឺស្វាង សម្រាប់ខ្លួនឯង គ្រួសារនិងសង្គមជាតិ ពោលគឺត្រូវធ្វើជាសិស្សល្អ ពលរដ្ឋល្អ យុវជនល្អ និងមានសុខភាពល្អដែលជាធនធានមនុស្សដ៏មានគុណតម្លៃ ជាពិសេសត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខទាំងអស់ដើម្បីក្លាយជាយុវជនបន្តវេនប្រកបដោយថាមពលក្នុងការចូលរួមថែរក្សាឱ្យខាងតែបាននូវសុខសន្តិភាពនិងការឯកភាពជាតិដែល សម្តេចតេជោ បានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីស្វែងរកនិងបន្សល់ទុកឱ្យនិងបន្តគាំទ្រលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នដែលមានសម្តេចធិបតីនាយករដ្ឋមន្ត្រីជាអ្នកដឹកនាំបន្តវេនដ៏ឆ្នើមដើម្បីកាច់ចង្កូតនាវាកម្ពុជាឆ្ពោះទៅកាន់គោលដៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។




ដោយ៖ស៊ុំ វណ្ណា





