មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ជួបសំណេះសំណាលជាមួយយោធិនចូលនិវត្តន៍
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥--
ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បាបអញ្ជើញ ជួបសំណេះសំណាលជាមួយយោធិនចូលនិវត្តន៍របស់ តំបន់ប្រតិបត្តិការសឹករងកណ្តាល មុនចូលឆ្នាំប្រពៃណីថ្មីប្រពៃណីជាតិខ្មែរ ដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរងនាយសេនាធិការ នាយសេនាធិការរង និងជំនាញពាក់ព័ន្ធ។

មានប្រសាសន៍នៅក្នុងឱកាសនេះ ឯកឧត្តម មេបញ្ជាការ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ថ្នាក់ដឹកនាំ ជូនចំពោះយោធិនចូលនិវត្តន៍ ដែលតែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូន ជាប់ជាប្រចាំព្រោះបងប្អូនអតីតយុទ្ធជន គឺជាអ្នកដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ និងប្រជាជន ដោយបានរួមចំណែកជាមួយសម្តេចតេជោ អនុវត្តនូវនយោបាយ ឈ្នះ ឈ្នះ ធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាពនិងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ ។ ឯកឧត្តម បានផ្តាំផ្ញើយោធិនសោធននិវត្តន៍ សូម បន្តវប្បធម៌ដ៏ល្អរបស់កងយោធពលខេមរភូមន្ទ ដោយធ្វើខ្លួនឲ្យល្អ និងសម្របរស់នៅជាមួយអជ្ញាធរមូលដ្ឋាន និងរក្សាបានសណ្តាប់សង្គម ចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីកសាងអភិវឌ្ឍន៍ជាតិ ។


ឯកឧត្តម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ក៏បានជូនពរដល់យោធិនសោធននិវត្តន៍ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ខែមេសា ឆ្នាំ ២០២៥ នាពេលខាងមុខផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម មេបញ្ជាការ បានឧបត្ថម្ភជូនយោធិនទាំង ១២នាក់ ក្នុងម្នាក់ៗទទួលបាននូវអង្ករ ២៥ គីឡូក្រាម ថវិកាចំនួន ២០ម៉ឺនរៀល និងលិខិថ្លែងអំណរគុណចំនួន ០១ផងដែរ ៕
ដោយ៖ ណយ នឿន (ប្រភព៖កងទ័ពជើងគោក)





