ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៤៩គ្រួសារនៅក្នុងស្រុកពញាក្រែកទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត
AKP ,ភ្នំពេញថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ --
នៅព្រឹកថ្ងៃ ទី២៦ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានចាត់ឱ្យលោក រស់ សុខន នាយកប្រតិបត្តិសាខា ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាទៅផ្តល់ជូនដល់គ្រួសារដែលបានរងផលប៉ះពាល់ដួលរលំទាំងស្រុង និងរបើកដំបូលខ្លះៗដោយសារភ្លៀងមានខ្យល់កន្ត្រាក់មកជាមួយចំនួន៤៩គ្រួសារ នៅក្នុងឃុំកក់ ចំនួន៤២គ្រួសារ(ធ្ងន់ធ្ងរ៣គ្រួសារ) ឃុំដូនតី ចំនួន៣គ្រួសារ(ធ្ងន់ធ្ងរ១គ្រួសារ) និងឃុំកណ្ដោលជ្រុំ ចំនួន៤គ្រួសារ( ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ) ។


នាឱកាសនោះដែរ លោក រស់ សុខន បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើពីការសួរសុខទុក្ខ និងក្ដីនឹករឭកពីសំណាក់ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ជាមួយឯកឧត្តម អ៊ាង សុផល្លែត ប្រធានកិត្តិយសសាខា និងជាពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយក្រុមគ្រួសារជនរងគ្រោះទាំង៤៩គ្រួសារ ក្នុងហេតុការណ៍ខាងលើ ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទិសទីដែលជាជនរងគ្រោះ និងងាយរងគ្រោះគ្រប់ៗគ្នាស្របតាមពាក្យស្លោក "ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា" និង "កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោល"។


ជាមួយគ្នានេះ លោកក៏បានជូនពរដល់គ្រួសាររងគ្រោះទាំងអស់សូមមានសុខភាពល្អដោយបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាខិតខំថែរក្សាសុខភាពឱ្យបានល្អដោយប្រកាន់ភ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងគោរពអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល ជាពិសេសសូមបងប្អូនបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួនពីជំងឺឆ្លង ឬមិនឆ្លងដែលកំពុងរីកដុះដាលនៅក្នុងពេលនេះទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។
អំណោយមនុស្សធម៌ដែលសាខាបានផ្តល់ជូនដល់គ្រួសារនីមួយៗរួមមាន ÷ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ប្រេងឆា១ដប និងថវិកាមួយចំនួនផងដែរ៕


ដោយ៖ពេជ្រ សំអឿន (ប្រភព,កាកបាទក្រហមកម្ពុជា)





