សម្ដេចតេជោ ហ៊ុន សែន ៖ សុខភាពសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានធូរស្រាល
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥-
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សុខភាពសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានធូរស្រាល ដែលបានបន្ថយការលំបាកលើរឿងពីរ ក្នុងពេលតែមួយដូចពីម្សិលមិញ។
នៅលើបណ្ដាញទំនាក់ទំនងសង្គម នាល្ងាចថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៥ សម្ដេចតេជោបានសរសេរថា៖ «បើទោះជាខ្ញុំកំពុងប្រឈម ជាមួយនឹងការបាត់បង់បងប្រុសជាទីគោរពស្រឡាញ់នាពេលដ៏ខ្លីខាងមុខនេះក្តី តែខ្ញុំបានទទួលព័ត៌មានថាភរិយាខ្ញុំបានធូរស្រាល។ ព្រឹកមិញគ្រូពេទ្យបានឱ្យភរិយាខ្ញុំចេញពីមន្ទីរពេទ្យទៅសម្រាកនៅសណ្ឋាគារ និងត្រឡប់ទៅកាន់មន្ទីរពេទ្យវិញនៅថ្ងៃទី២៩មីនាដើម្បីពិនិត្យសាជាថ្មី»។ សម្ដេចតេជោបន្តថា យោងលើពេលវេលានេះ ខ្ញុំគិតថាបើទោះភរិយាខ្ញុំត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យត្រឡប់មកប្រទេសវិញ ថ្ងៃ២៩ ឬ៣០មីនា ក៏គាត់មិនអាចមកទាន់ដង្ហើមចុងក្រោយរបស់បងប្រុសខ្ញុំ ដែលអាចនឹងលាចាកលោកនៅយប់ថ្ងៃទី២៧ឈានចូលថ្ងៃ២៨ស្អែកនេះបានដែរ (ព័ត៌មានប៉ាន់ស្មានរបស់គ្រូពេទ្យដែលព្យាបាលបងប្រុសខ្ញុំ)។ តែទោះយ៉ាងណាក៏ខ្ញុំបានបន្ថយការលំបាកលើរឿងពីរក្នុងពេលតែមួយដូចពីម្សិលមិញ៕




ដោយ៖ ជឹម ណារី





