សម្តេច ម៉ែន សំអន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនៅវត្តសុវណ្ណគិរីសាគរ (ហៅវត្តចង្ហោន)
AKP កំពត ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥--
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តសុវណ្ណគិរីសាគរ (ហៅវត្តចង្ហោន) ស្ថិតក្នុងភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ។

នៅក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតបាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ដូចជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផងដែរ។ ទន្ទឹមនឹងនេះ សម្តេចបានសម្តែងនូវសេចក្តីសប្បាយរីករាយក្រៃលែង និងថ្លែងអំណរគុណដល់លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង រួមជាមួយនឹងពុទ្ធបរិស័ទ្ធជិតឆ្ងាយ ដែលបានមកចូលរួមចាប់មគ្គផលក្នុងការកសារព្រះវិហារ សមិទ្ធផលនានា នៅវត្តវត្តសុវណ្ណគិរីសាគរ (ហៅវត្តចង្ហោន) ដែលចំណាយថវិកាសាងសង់អស់ជាង២២ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តថា សមិទ្ធផលទាំងនេះបានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីជំនឿដ៏មុតមាំរបស់ពុទ្ធសាសនិក និងការប្ដេជ្ញាចិត្តប្រកបដោយសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំ ក្នុងការខិតខំប្រឹងប្រែងលើកកម្ពស់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។ ទីវត្តអារាមមិនត្រឹមតែជាកន្លែងសម្រាប់គោរពបូជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងសិក្សារៀនសូត្រ ព្រះធម៌ វិន័យ និងផ្សព្វផ្សាយ អប់រំ កាយវាចាចិត្ត ដល់ប្រជាពលរដ្ឋគ្រប់ៗរូប ឲ្យដើរតាមគន្លងនៃព្រះពុទ្ធសាសនា ដើម្បីទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងភាពសុខដុមក្នុងគ្រួសារ និងសង្គមជាតិថែមទៀតផង។

នាឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងធ្វើរបាយការណ៍នៃការកសាងវត្ត វត្តសុវណ្ណគិរីសាគរ (ហៅវត្តចង្ហោន) ដែលវត្តនេះបានចាប់ផ្តើមកសាងរហូតមកដល់ពេលនេះ គឺមានអាយុកាលប្រមាណ៣៣ឆ្នាំហើយ។ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ពិតណាស់ គុណតម្លៃនៃសន្តិភាព គឺជាកាលានុវត្តភាពដ៏មហស្ចារ្យដល់ដំណើរអភិវឌ្ឍន៍ឥតឈរ និងសម្រេចបាននូវដំណើរការកែទម្រង់ស៊ីជម្រៅក្នុងវិស័យនានា ប្រកបដោយប្រសិទ្ធភាព ដែលបានចូលរួមចំណែកក្នុងការស្ដារ កសាង និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច បានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់អំពីការគិតគូរជាយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕
ដោយ ប្រាក់ លាង





