ឯកឧត្តម អ៊ិន ចន្ថា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារបន្តត្រីមាសទី២ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥--
នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលរង ក្រុង/ស្រុក ប្រធានការិយាល័យអភិវឌ្ឍន៍ ក្រុង/ស្រុក និងអង្គការដៃគូក្នុងខេត្តសរុបចំនួន៥១នាក់។

បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍បូកសរុបលទ្ធផលការងារដែលបានរាយការណ៍ដោយ លោក តាន់ វាសនា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំរួចមក ឯកឧត្តម អ៊ិន ចន្ថា បានបញ្ជាក់ថា ស្របតាមយុទ្ធសាស្ត្រ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទកំពុងចូលរួមយ៉ាងសកម្មតាមកម្មវិធីអាទិភាពសំខាន់ៗទាំង៤របស់ក្រសួង រួមមាន៖ ១. អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដោយផ្តោតសំខាន់លើការពង្រឹងគុណភាពស្របតាម គោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលគឺការពង្រឹងគុណភាព៧០ភាគរយ និងពង្រីកបន្ថែម៣០ភាគរយ។ ២. កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទតាមរយៈការអប់រំផ្នត់គំនិត ដើម្បីប្រជាជនជនបទ កែប្រែឥរិយាបថ និងការរស់នៅ ប្រកបដោយអនាម័យល្អ និងផាសុកភាព។ ៣. ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដើម្បីបង្កើតការងារ មុខរបរ និងប្រាក់ចំណូល និង៤. ការពង្រឹងស្ថាប័ន ការគ្រប់គ្រង និងអភិបាលកិច្ច តាមរយៈការជ្រើសរើសមន្ត្រី និងការបណ្តុះបណ្តាលមន្ត្រីឱ្យមានសមត្ថភាព ដើម្បីបំពេញការងារប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តម អ៊ិន ចន្ថា បានបញ្ជាក់ថា ដើម្បីបន្តពន្លឿនកិច្ចអភិវឌ្ឍ និងជំរុញការអនុវត្តឱ្យកាន់តែស៊ីជម្រៅ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នីតិកាលទី៧នៃរដ្ឋសភា ដោយផ្អែកលើបាវចនាចំនួន៥គឺ៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព មានគោលដៅជាយុទ្ធសាស្ត្រចំនួន៥គឺ៖ ១. ធានាឱ្យបានកំណើនសេដ្ឋកិច្ចខ្ពស់ ២. បង្កើតការងារឱ្យបានកាន់តែច្រើន ៣. សម្រេចឱ្យបាននូវគោលដៅ ៤. កាត់បន្ថយភាពក្រីក្របន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន និង៥. ការធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

ទន្ទឹមនឹងនេះ ឯកឧត្តមបានមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលបានកំណត់យកវិស័យអាទិភាពគន្លឹះចំនួន៥រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្នុងគោលដៅប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទកំពុងចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ឱ្យកាន់តែរីកចម្រើនជាលំដាប់៕
ដោយ ស៊ុម វណ្ណា





