ឯកឧត្តម ថោ ជេដ្ឋា ជួបពិភាក្សាការងារទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថាននៃសាធារណរដ្ឋកូរ៉េ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥--ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង ជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម Wan-sup Kim រដ្ឋមន្ត្រីក្រសួងបរិស្ថាននៃសាធារណរដ្ឋកូរ៉េ។

ក្នុងជំនួបនោះ ភាគីទាំងពីរបានផ្តោតការពិភាក្សាលើចំណុចសំខាន់ចំនួន៤៖ ទី១. ការពង្រឹងកិច្ចសហប្រតិបត្តិការទឹកកម្ពុជា-កូរ៉េ តាមរយៈការអនុវត្តកម្មវិធីកាត់បន្ថយទឹកជំនន់ និងគ្រោះរាំងស្ងួត បច្ចេកវិទ្យាទឹកឌីជីថលសម្រាប់ការព្យាករនិងត្រួតពិនិត្យ និងការពង្រីកប្រព័ន្ធធារាសាស្ត្រនិងអាងស្ដុកទឹក។ ទី២. ការចែករំលែកចំណេះដឹង និងជំនួយបច្ចេកទេស តាមរយៈការផ្តល់អ្នកជំនាញក្នុងការបង្កើតគំរូធារាសាស្ត្រកម្រិតខ្ពស់ ការគ្រប់គ្រងគ្រោះមហន្តរាយ និងគោលនយោបាយទឹកប្រកបដោយនិរន្តរភាព និងកម្មវិធីបណ្ដុះបណ្តាលកសាងសមត្ថភាពសម្រាប់មន្ត្រីគ្រប់គ្រងទឹកកម្ពុជា។ ទី៣. ការផ្ដល់មូលនិធិ និងឱកាសវិនិយោគ តាមរយៈការស្វែងរកជំនួយដ៏មានសក្តានុពល កម្ចីសម្បទាន និងការវិនិយោគពីវិស័យឯកជនពីប្រទេសកូរ៉េ សម្រាប់គម្រោងទឹកជាអាទិភាពរបស់កម្ពុជា និងការពង្រីកលទ្ធភាពនៃមូលនិធិសហប្រតិបត្តិការមេគង្គកូរ៉េ (MKCF) ដើម្បីគាំទ្រគម្រោងខ្នាតធំនៅកម្ពុជា។ ទី៤. អភិបាលកិច្ចទឹកក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការមេគង្គ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ក្នុងគណៈកម្មការទន្លេមេគង្គ និងការពង្រឹងនូវយុទ្ធសាស្ត្រគ្រប់គ្រងទឹករបស់កម្ពុជា និងការអនុវត្តល្អបំផុតរបស់កូរ៉េ។

សូមជម្រាបថា កន្លងមក ក្រសួងបរិស្ថាននៃសាធារណរដ្ឋកូរ៉េបានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដល់ក្រសួងធនធានទឹក និងឧតុនិយម លើគម្រោងពង្រឹងសមត្ថភាពរបស់មន្ត្រីក្នុងការអង្កេតជលសាស្ត្រចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣។ ក្នុងជំនួបពិភាក្សានោះ ក៏បានផ្លាស់ប្តូរនូវបទពិសោធន៍គ្នាទៅវិញទៅមកប្រកបដោយផ្លែផ្កា ដើម្បីដោះស្រាយបញ្ហានានាដែលបានជួបប្រទះកន្លងមក និងបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អថែមទៀត ជាពិសេសការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងធនធានទឹក ភាពធន់នឹងអាកាសធាតុ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តាមរយៈជំនួយបច្ចេកទេស ការចែករំលែកចំណេះដឹង និងឱកាសផ្តល់មូលនិធិ៕

ដោយ ណយ នឿន (ប្រភព៖ ក្រសួងធនធានទឹក)





