អភិបាលខេត្តបន្ទាយមានជ័យ៖ ការត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេសគឺជាការងារដ៏សំខាន់
AKP បន្ទាយមានជ័យ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥--ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ការត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេសគឺជាការងារដ៏សំខាន់ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ព្រមទាំងការពារផលប្រយោជន៍ជាតិ។ នេះជាប្រសាសន៍របស់ឯកឧត្តម អ៊ុំ រាត្រី ក្នុងកិច្ចប្រជុំការត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេស ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដែលធ្វើឡើងនៅសាលប្រជុំ(ខ)សាលាខេត្ត កាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធជាច្រើននាក់នោះ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងវាយតម្លៃលើការអនុវត្តការងារត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេសក្នុងខេត្តបន្ទាយមានជ័យ ព្រមទាំងពិភាក្សា និងដាក់ចេញនូវវិធានការនានា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារនេះ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាឱ្យបានល្អ និងអនុវត្តការងារនេះឱ្យបានម៉ត់ចត់ និងមានប្រសិទ្ធភាព។ រដ្ឋបាលខេត្តបន្ទាយមានជ័យនឹងបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីធានាថា ខេត្តបន្ទាយមានជ័យគឺជាខេត្តមួយដែលមានសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ។

ក្នុងឱកាសនោះ ឯកឧត្តមបានជំរុញការអនុវត្តឱ្យបាននូវគោលនយោបាយជោគជ័យនូវចង្កោមការងារ ក្នុងលក្ខណៈសម្បត្តិទាំង៧ គោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើស ជួញដូរ ចែកចាយគ្រឿងញៀន បទល្មើសលួច ឆក់ប្លន់ ជាពិសេសបទល្មើសគ្រឿងញៀនខុសច្បាប់ ត្រូវយកចិត្តទុកដាក់ និងធ្វើប្រតិបត្តិការបន្ត ដោយកិច្ចការងារកន្លងមកយើងបានអនុវត្តច្រើនទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ មានការគាំទ្រពីសំណាក់មហាជន ប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យ និងបន្តពង្រឹងប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រជាការពារការបង្ការ បង្ក្រាបសកម្មភាពក្មេងទំនើង ល្បែងស៊ីសង ដែលជាបទល្មើសជាប់ពាក់ព័ន្ធទៅនឹងជីវភាពប្រចាំប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីសំដៅធ្វើយ៉ាងណាផ្តល់នូវជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើអាជ្ញាធរមូលដ្ឋាន។ មួយវិញទៀតត្រូវរក្សាភាពសុខសាន្តនៅមូលដ្ឋាន រក្សាបាននូវសន្តិសុខ សុវត្ថិភាពជូនប្រជាពលដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ធ្វើដំណើរកម្សាន្តនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនឹងឈានមកដល់នៅពេលខាងមុខ៕


ដោយ ឈុន សារ៉ាត





