ពិធីបញ្ចុះបឋមសិលាសាងសង់អគារមន្ទីរពេទ្យទូទៅនៅមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារផ្នែកជំងឺទូទៅថ្មីមួយខ្នង នៅបរិវេណមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ កាលពីរសៀលថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥នេះ ដើម្បីបំពេញសេចក្តីត្រូវការសម្រាប់ពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋតំបន់ជនបទនេះឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀតនោះ។

អគារដែលត្រូវសាងសង់ពីបេតុងមានបណ្តោយ៣៥ម៉ែត្រ ទទឹង១៦ម៉ែត្រ និងកម្ពស់២ជាន់ ត្រូវបានកសាងឡើងក្រោមការផ្តួចផ្តើមរបស់ព្រះគ្រូអនុគណស្រុកព្រះនេត្រព្រះ ព្រមទាំងលោកគ្រូចៅអធិការពី៤២វត្ត និងសប្បុរសជនពុទ្ធបរិស័ទក្នុង និងក្រៅប្រទេស។ គម្រោងនេះជាផ្នែកមួយនៃការកែលម្អហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលការពង្រឹងសមត្ថភាពបម្រើសេវាសុខភាពដល់ប្រជាពលរដ្ឋនៅតំបន់ជនបទ ឱ្យកាន់តែទំនើបថែមទៀត។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី បានថ្លែងអំណរគុណចំពោះការចូលរួមឧបត្ថម្ភពីព្រះសង្ឃសប្បុរសជនទាំងអស់ ចំពោះគម្រោងនេះសម្រេចបានដោយសារការគាំទ្រធនធានពីសប្បុរសជន និងពុទ្ធបរិស័ទជាតិ-អន្តរជាតិ ដែលបង្ហាញពីសាមគ្គីភាពក្នុងការកសាងសង្គមមានសុខភាពថ្មី។ អាគារនេះនឹងជួយកាត់បន្ថយការលំបាកក្នុងការទទួលបានសេវាសុខាភិបាល និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋសំដៅពង្រីកសមត្ថភាពថែទាំវេជ្ជសាស្រ្ត និងទទួលអ្នកជំងឺបានកាន់តែមានប្រសិទ្ធភាព។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តបានជំរុញឱ្យមានការអភិវឌ្ឍ វិស័យសុខាភិបាលដែលជាតម្រូវការចាំបាច់ ជាពិសេសនៅតំបន់ដាច់ស្រយាល។ ការកសាងអគារនេះជាសក្ខីភាពច្បាស់លាស់នៃការរួមចំណែករវាងអាជ្ញាធរ ព្រះសង្ឃ និងប្រជាពលរដ្ឋ ដើម្បីលើកស្ទួយគុណភាពជីវភាពរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលខេត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យសុខាភិបាលសន្យាថានឹងធ្វើការជាមួយគ្រប់ភាគីពាក់ព័ន្ធដើម្បីធានាថាអគារនេះត្រូវបានសាងសង់ប្រកបដោយគុណភាព និងប្រសិទ្ធភាព និងបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យប្រើប្រាស់សេវាសុខាភិបាលដែលផ្តល់ជូនដោយមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះនេះឱ្យកាន់តែច្រើនឡើងថែមទៀតនោះ៕

ដោយ ឈុន សារ៉ាត





