អង្គភាពប្រឆាំងអំពើពុករលួយបង្ហាញពីការងារ និងសមិទ្ធផលសម្រេចបានក្នុងខែមីនាឆ្នាំ២០២៥
AKPភ្នំពេញថ្ងៃទី២៤ ខែ មីនា ឆ្នាំ ២០២៥--
អង្គភាពប្រឆាំងអំពើពុករលួយឬហៅថាACU បានបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) អាណត្តិទី៣ លើកទី៤៥ ដោយបានបង្ហាញពីការងារ និងសមិទ្ធផលមួយចំនួនដែលសម្រេចបានក្នុងខែមីនា ឆ្នាំ២០២៥នេះក្នុងនេះមានទាំង ការប្រកាសទ្រព្យសម្បត្តិ និងបំណុល,ការបង្ការទប់ស្កាត់អំពើពុករលួយ,ការងារបណ្តុះបណ្តាល,ការងារអន្តរជាតិ,ការងារពាក្យប្ដឹងជាដើម។

យោងតាមរបាយការណ៍កិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានឱ្យដឹងថាក្នុងខែមីនាឆ្នាំ២០២៥ឱ្យដឹងថា៖ក្នុងខែនេះមន្ត្រីចំនួន ១១៨រូប បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការតែងតាំង ថ្មីចំនួន ៧៥ រូប ដោយឡែកមន្ត្រី ៣ រូប បានប្រកាសតាមតម្រូវការនៃការស៊ើបអង្កេត និង ៤០ រូបទៀត បាន មកប្រកាសទ្រព្យសម្បត្តិនិងបំណុល ដោយមូលហេតុលាឈប់ ចូលនិវត្តន៍និងចប់អាណត្តិ។ក្នុងខែនេះដែរអង្គភាពប្រឆាំងអំពើពុករលួយ បានចូលរួមសង្កេតការណ៍ក្នុងដំណើរការ កំណែ បូកស្រង់ពិន្ទុ និងការប្រកាសលទ្ធផល នៃ ការប្រឡងថ្នាក់ជាតិ ជ្រើសរើសបេក្ខជនចូលរៀនថ្នាក់មូលដ្ឋានសម្រាប់កម្រិតបរិញ្ញាបត្រ នៅតាមគ្រឹះស្ថាន បណ្តុះបណ្តាលវិស័យសុខាភិបាល សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥។


ប្រភពខាងលើនេះបានឱ្យដឹងដែរថាចំពោះការងារបណ្តុះបណ្តាលវិញថ្នាក់ដឹកនាំ និងមន្ត្រី អង្គភាពប្រឆាំងអំពើពុករលួយចំនួន៦០ រូប បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ច្បាប់លទ្ធកម្ម សាធារណៈឆ្នាំ២០២៣ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ” ដែលបានរៀបចំរួមគ្នារវាង អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយបានប្រព្រឹត្តិធ្វើឡើងនៅខេត្តកំពត កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។ដោយឡែក អង្គភាពប្រឆាំងអំពើពុករលួយបានចូលរួមសិក្ខាសាលាស្តីពី “ការ ប្រឆាំងអំពើពុករលួយ និងការធ្វើពាណិជ្ជកម្ម ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី” ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី ២៤-២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ សិក្ខាសាលានេះមានការចូលរួមពីបណ្តារដ្ឋនៃសមាជិកអាស៊ាន និងបានរៀបចំឡើងដោយភាគីកាណា។


អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងដែរថាសម្រាប់ការងារពាក្យប្ដឹងវិញអង្គភាពប្រឆាំងអំពើពុករលួយ បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹងដែលមានក្នុងខែ សរុបចំនួន ៣៤ពាក្យប្ដឹង និងបានបញ្ជូនសំនុំរឿងចំនួន២ករណី ដែលមានជនសង្ស័យ៥រូបទៅតុលាការ។ក្នុងនេះបានបញ្ជូនសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ ករណីពាក់ព័ន្ធការប្រឡង។ជាមួយគ្នានេះក៏បានបញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្តកំពង់ស្ពឺ ករណីអភិបាលរងខេត្តកំពង់ស្ពឺ ឈ្មោះ ទិត វុទ្ធី និងឈ្មោះ ហ៊ាវ ខន មន្ត្រីយោធា “ក២” នៃកងទ័ពជើងគោក ដែលបានប្រើប្រាស់តួនាទី និងមុខងារដោយបំពាន ដើម្បីទទួលបានអត្ថប្រយោជន៍ដោយខុសច្បាប់ក្នុងការស្នើសុំអាជ្ញាបណ្ណរុករករ៉ែ ហើយទទួលបានប្រាក់ សរុប ចំនួន ១,២លានដុល្លារ លើអង្គហេតុចំនួន៣ ។
គួរបញ្ជាក់ថាអភិបាលរងខេត្តកំពង់ស្ពឺ និងបក្ខពួកត្រូវបានតុលាការខេត្តកំពង់ស្ពឺចេញដីកាឃុំខ្លួន ហើយជនជាប់សង្ស័យទាំងអស់កំពុងស្ថិតក្នុងពន្ធនាគារ៕
ដោយ៖ដេប៉ូ





