ក្រុមប្រឹក្សាជាតិគាំពារសង្គម ប្រកាសដាក់ឱ្យប្រើប្រាស់ “ផែនការប្រតិបត្តិស្តីពីយន្តការជំរុញការចុះបញ្ជីក្នុងប្រព័ន្ធសន្តិសុខសង្គម” ដើម្បីគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥--
ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រព័ន្ធគាំពារសង្គម គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំដែលមានភាពប្រទាក់ក្រឡា និងបំពេញគ្នាទៅវិញទៅមកក្នុងការចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ និងសុខុមាលភាពពលរដ្ឋគ្រប់រូប។

នេះជាប្រសាសន៍របស់ ឯកឧត្តម ហែម វណ្ណឌី ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ផែនការប្រតិបត្តិស្តីពីយន្តការជំរុញការចុះបញ្ជីក្នុងប្រព័ន្ធសន្តិសុខសង្គម ឆ្នាំ២០២៤-២០២៦” នាថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥។

ផែនការប្រតិបត្តិនេះគឺជាជំហានថ្មីមួយទៀតនៃកិច្ចខិតខំរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម ក្នុងការរៀបចំយន្ដការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចបានកំណត់ក្នុងយុទ្ធសាស្រ្ដជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ២០២៣-២០២៨។

រាជរដ្ឋាភិបាលកម្ពុជាបានបង្កើនការយកចិត្តទុកដាក់លើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីពង្រឹងសមត្ថភាព ភាពធន់ និងការប្រកួតប្រជែងលើទីផ្សារ ជាពិសេសចំពោះសុខុមាលភាព ភាពធន់នឹងវិបត្តិ និងយន្តការគាំទ្រដល់បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ដោយ៖ ពេជ្រ សំអឿន





