កិច្ចប្រជុំត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុងជានិមិត្តរូបនៅខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥--
លោក ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុងប្រវែង៩២,៩០០ម៉ែត្រជានិមិត្តរូបក្នុងក្របខ័ណ្ឌកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KFW) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសហភាពអឺរ៉ុប (EU/AIF) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ក្នុងបរិវេណទីលានបាល់ទាត់ទួលដំណាក់ ភូមិទួលដំណាក់ ឃុំចុងដួង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។

លោក ញឹក បានខេង បានលើកឡើងថា មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី ពិសេសមន្ទីរអភិវឌ្ឍន៍ជនបទនិងរដ្ឋបាលស្រុកបារាយណ៍ត្រូវតែចូលរួមសហការគ្នា ដើម្បីរៀបចំវេទិកាឱ្យបានសម្រេចជោគជ័យ ក្នុងនោះត្រូវបែងចែកទៅតាមប្លង់និងគោលដៅនីមួយៗនៅក្នុងកម្មវិធី។ ប្លង់ដែលត្រូវបែងចែកឱ្យបានត្រឹមត្រូវនោះគឺប្លង់គណៈអធិបតី ប្លង់សម្រាប់ព្រះសង្ឃ រដ្ឋបាលស្រុកបារាយណ៍១ប្លង់ ប្រជាពលរដ្ឋ១ប្លង់ លោកគ្រូអ្នកគ្រូ១ប្លង់ សិស្សានុសិស្ស១ប្លង់ កងកម្លាំងទាំងបី១ប្លង់ ក្រុមយុវជន១ប្លង់ ឈ្មោះគណៈអធិបតីត្រូវឡើងបញ្ជាគ្រឿងចក្រជាក់ស្ដែង រៀនចំឱ្យមានចំណតរថយន្ត ម៉ូតូឱ្យមានរបៀបរៀបរយល្អ ត្រូវតែមានក្រុមគ្រូពេទ្យជាប្រចាំ កងកម្លាំងទាំងបីត្រូវតែត្រៀមជួយការពារឱ្យមានសុវត្ថិភាពល្អ និងសូមរក្សាអនាម័យសណ្ដាប់ធ្នាប់ បរិស្ថានឱ្យបានស្អាតនៅពេលប្រារព្ធពិធីនាពេលខាងមុខនេះ។

លោកអភិបាលរងខេត្តបានជំរុញ និងលើកទឹកចិត្តដល់អ្នកចូលរួម សូមយកចិត្តទុកដាក់និងសហការគ្នាអនុវត្តឱ្យបានល្អប្រសើរដើម្បីឱ្យកម្មវិធីបើកការដ្ឋានសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង ប្រវែង៩២,៩០០ម៉ែត្រជានិមិត្តរូបប្រព្រឹត្តទៅដោយរលូន និងប្រកបដោយជោគជ័យ។

ទន្ទឹមនឹងនេះ លោកអភិបាលរងខេត្តបានជម្រាបដល់មន្ទីរអង្គភាព ក្រុង/ស្រុកទាំងអស់ សូមអញ្ជើញមករៀបចំទីតាំងរបស់ខ្លួននៅសួនស្ទឹងសែនឱ្យបានឆាប់ៗ រួចរាល់នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ជាកំណត់ ដើម្បីត្រៀមសម្រាប់សង្ក្រាន្តកំពង់ធំនាពេលខាងមុខនេះឱ្យមានភាពស្រស់ស្អាត ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាបានច្រើនច្រើនកុះករ៕
ដោយ ស៊ុម វណ្ណា





