ថវិកាចំនួន៧៦៨២ដុល្លា ដែលបានមកពីទិវារត់កម្សាន្ត អបអរសាទរសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង ឆ្នាំ២០២៥ ត្រូវបានប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប
AKP សៀមរាប ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥--
ទឹកប្រាក់ចំនួន ៧ ៦៨២ដុល្លា ប្រមូលបានពីការទិវារត់កម្សាន្ត អបអរសាទរសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង ឆ្នាំ២០២៥ ដែលបានរៀបចំឡើងនៅមុខប្រាសាទអង្គវត្ត នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ដោយមានប្រតិភូ និងអ្នកចូលរួមប្រមាណជា៥០០នាក់ ត្រូវបានប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស (វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិ) និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម បានចាត់ទុកព្រឹត្តិការណ៍នេះថាជាអត្តសញ្ញាណមួយនៃបណ្តាប្រទេស សមាជិកមេគង្គ-ឡានឆាង ដែលមានគោលបំណងដ៏សំខាន់ ដើម្បីជំរុញមិត្តភាព និងសាមគ្គីភាព ក្នុងចំណោមប្រទេសសមាជិក ក៏ដូចជាលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃក្របខណ្ឌកិច្ច សហប្រតិបត្តិការមេគង្គ-ឡានឆាង ដល់សាធារណៈជនគ្រប់រូប។
ឯកឧត្តមបន្តថា កម្មវិធីនេះមិនមែនត្រឹមតែជាសក្ខីភាពនៃភាពជោគជ័យរួមគ្នា និងសមិទ្ធផលដ៏ធំធេងនៃភាពជាដៃ គូប្រកបដោយបរិយាបន្ននៅក្នុងក្របខណ្ឌមេគង្គ-ឡានឆាងប៉ុណ្ណោះទេ ប៉ុន្តែនេះជាឱកាសដ៏ល្អ មួយ ដើម្បីលើកកម្ពស់ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន មិត្តភាព និងសាមគ្គីភាពតាមរយៈ ស្មារតីកីឡា ក្នុងចំណោមបណ្តាប្រទេសសមាជិកមេគង្គ-ឡានឆាងទាំងអស់។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យបញ្ជាក់ថា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងបានបង្កើតឡើងក្នុងគោលបំណងធានា សន្តិភាព និងស្ថិរភាពក្នុងអនុតំបន់ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យរវាងប្រទេសមេគង្គ និងប្រទេសចិន ដែលមានវិស័យអាទិភាពសំខាន់ៗ ដូចជាការ តភ្ជាប់ សមត្ថភាពផលិត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែន ធនធានទឹក កសិកម្ម និងការ កាត់បន្ថយភាពក្រីក្រ ដើម្បីកសាងសុខុមាលភាពប្រជាជន និងកសាងសហគមន៍នៃអនាគតរួម ប្រកបដោយសន្តិភាព និងវិបុលភាព។

ឯកឧត្តមក៏បានបង្ហាញនូវភាពជឿជាក់ថា ព្រឹត្តិការណ៍នាឆ្នាំនេះនឹងធ្វើឱ្យចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសមេគង្គ-ឡានឆាងកាន់តែមានភាពរឹងមាំ ហើយកិច្ចសហប្រតិបត្តិការនេះ នឹងនៅតែបន្តជាវេទិកាអនុតំបន់ពាក់ព័ន្ធមួយ ដើម្បីគាំទ្រពហុភាគីនិយម និងដោះស្រាយនូវតម្រូវ ការចាំបាច់របស់ប្រទេសសមាជិកមេគង្គ-ឡានឆាង តាមរយៈមូលនិធិពិសេសមេគង្គ-ឡានឆាង៕
ដោយ ឃុត សៅ





