អភិបាលខេត្តកំពង់ឆ្នាំងបញ្ជាក់ពីគំនូសសញ្ញាចរាចរណ៍ និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានទូលំទូលាយជូនដល់ប្រជាពលរដ្ឋ
AKP កំពង់ឆ្នាំង ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥--
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានជំរុញដល់មន្ត្រីបច្ចេកទេស ស្ថាបនាផ្លូវថ្នល់និងគូសគំនូសចរាចរណ៍ឱ្យបានត្រឹមត្រូវតាមច្បាប់ចរាចរណ៍ផ្លូវគោករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជួយឱ្យប្រជាពលរដ្ឋ អាចបើកបរបានត្រឹមត្រូវតាមច្បាប់ និងមានរបៀប ឯកឧត្តមមានប្រសាសន៍បែបនេះក្នុងឱកាសចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវ៤ខ្សែក្នុងក្រុងកំពង់ឆ្នាំង ប្រវែង ២ ៤៣៥ម៉ែត្រ បានអ៊ុតកៅស៊ូ AC ស្ថិតនៅសង្កាត់ខ្សាម ផ្លូវចំហៀងវត្តធម្មយុត្តិ សង្កាត់ប្អេរ ផ្លូវព្រែកបូពាំង សង្កាត់កំពង់ឆ្នាំង និងកំណាត់ផ្លូវជាតិលេខ៥កាត់ក្រុងកំពង់ឆ្នាំងផងដែរ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ អមដំណើរដោយប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ថ្នាក់ដឹកនាំបច្ចេកទេស មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានលើកឡើងអំពីការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ដើម្បីធានាឱ្យបាននូវសុវត្ថិភាពក៏ដូចជាការធ្វើឱ្យចរាចរណ៍របស់ប្រជាពលរដ្ឋនៅលើផ្លូវសាធារណៈមានរបៀបរៀបរយ និងត្រឹមត្រូវតាមច្បាប់ចរាចរណ៍ផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ពីគំនូសសញ្ញាចរាចរណ៍៣ប្រភេទ ដែលជួយឱ្យប្រជាពលរដ្ឋ អាចបើកបរបានត្រឹមត្រូវតាមច្បាប់ និងមានរបៀបដែលជួយឱ្យប្រជាពលរដ្ឋអាចចៀសផុតពិគ្រោះថ្នាក់ជាយថាហេតុបាន។

ទន្ទឹមនឹងនេះ ឯកឧត្តបានជំរុញដល់មន្ត្រីបច្ចេកទេសក្នុងការស្ថាបនាផ្លូវនេះ ត្រូវចាត់ទុកសមិទ្ធផលដែលបានស្ថាបនានាពេលនេះ ដូចជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ហើយសមិទ្ធផលទាំងនេះគឺដើម្បីបម្រើផលប្រយោជន៍របស់ប្រជាជនទៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ចនៅមូលដ្ឋានឱ្យកាន់តែប្រសើរឡើងថែមទៀត និងបានអំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងរាយការណ៍ករណីផ្លូវថ្នល់ត្រូវការជួសជុលថែទាំ ករណីគំនូសស្លាកសញ្ញារលប់ មានការបាក់បែក ឬបង្គោលសញ្ញាដួលរលំ តាមរយៈកម្មវិធីថែទាំផ្លូវ ដើម្បីអាចឱ្យមន្រ្តីជំនាញចាត់វិធានការទាន់ពេលវេលា៕

ដោយ បៃ ស៊ីថុន





