ពិធីកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់សាលាមត្តេយ្យសិក្សាសហគមន៍នៅស្រុកសណ្តាន់
AKP កំពង់ធំ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥--
លោក អ៊ុន បុត្ត អភិបាលរងអភិបាលខេត្តកំពង់ធំបានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់សាលាមត្តេយ្យសិក្សាសហគមន៍នៅភូមិសំអោង ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោក ទី ថាវី អភិបាលរងស្រុកសណ្ដាន់ ក្រុមការងារឃុំមានរិទ្ធ ប្រជាពលរដ្ឋនិងសិស្សានុសិស្សប្រមាណជាង២៥០នាក់។

លោក ស្រី សៀក មេឃុំមានរិទ្ធ បានរាយការណ៍អំពីស្ថានភាពទូទៅរបស់សាលារៀនសំអោងមានអគារសិក្សាចំនួន១ខ្នងស្មើនឹង៦បន្ទប់ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាមានគ្រូចំនួន០៤នាក់ ស្រី០៣នាក់ និងមានគ្រូកិច្ចសន្យា១នាក់ មានសិស្សសរុប១៣៤នាក់ (ស្រី៥៩នាក់)។ មត្តេយ្យសហគមន៍១ខ្នងគឺមត្តេយ្យសហគមន៍សំអោងដែលកំពុងសម្ពោធដាក់ឱ្យប្រើប្រាស់នៅពេលនេះ មានសិស្សកំពុងរៀនចំនួន២៩នាក់ (សិស្សស្រី១៧នាក់) មានគ្រូ១នាក់ជាគ្រូស្ម័គ្រចិត្តរបស់សហគមន៍។ សាលាមត្តេយ្យសហគមន៍នេះនៅមានការខ្វះខាតដូចជាខ្វះតុសិស្ស ក្តាខៀន និងសម្ភារសិក្សារបស់សិស្សមួយចំនួនទៀតនិងមិនមានខ្សែរភ្លើងចូលប្រើនោះទេ។
លោក អ៊ុន បុត្ត បានថ្លែងអំណរគុណដល់មាតាបិតា និងអាណាព្យាបាលសិស្ស ដែលបានបញ្ជូនកូនមកសិក្សារៀនសូត្រនៅសាលាបឋមសិក្សាសំអោងនេះព្រោះការសិក្សារៀនសូត្រធ្វើឱ្យសិស្សានុសិស្សមានចំណេះដឹង បំណិនជីវិតនិងក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អនៅក្នុងសង្គម។ សាលារៀនគឺជាថ្នាលបណ្ដុះបណ្ដាលនៅធនធានមនុស្សអប់រំសិស្សានុសិស្សឱ្យក្លាយទៅជាសិស្សមានសុជីវធម៌ល្អ ចេះគោរពចាស់ទុំ និងចេះអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក។ សិស្សានុសិស្សទាំងអស់ត្រូវតែយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រស្ដាប់គ្រូបង្រៀនព្រោះគ្រូបង្រៀនជាឪពុកម្ដាយទី២ដែលជួយចង្អុលបង្ហាញផ្លូវទៅថ្ងៃអនាគត។

ទន្ទឹមនឹងនេះ លោកអភិបាលរងបានផ្ដាំផ្ញើដល់ឪពុកម្ដាយ អាណាព្យាបាលសិស្សទាំងអស់ណែនាំដល់កូនចៅចៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង បំផ្លាញគ្រួសារ និងសង្គមជាតិទាំងមូល។ រក្សាសុខភាពអនាម័យបីប្រការ "ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត"។ សូមឱ្យអាជ្ញាធរមូលដ្ឋានចូលរួមផ្សព្វផ្សាយពីគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាពនៅតាមមូលដ្ឋានចៀសវាងកុំឱ្យមានបញ្ហាកើតឡើងជាយថាហេតុ។
សូមបញ្ជាក់ថា មត្តេយ្យសហគមន៍សំអោងនេះកើតឡើងចេញពីការដឹកនាំ និងការចង្អុលបង្ហាញផ្ទាល់ពីលោក អ៊ុន បុត្ត ដែលជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំមានរិទ្ធនិងលោក នុប ឆាយ៉ា ប្រធានក្រុមការងារចុះភូមិសំអោង រួមទាំងក្រុមប្រឹក្សាឃុំ សប្បុរសជនអង្គការអប់រំសុខភាពនិងបរិស្ថាន(EAE) លោកគ្រូ អ្នកគ្រូ លោកមេភូមិ និងប្រជាពលរដ្ឋក្នុងភូមិសំអោងទាំងមូល។ អគារសាលាមត្តេយ្យសហគមន៍សំអោងមានទំហំ៦ម៉ែត្រគុណ៨ម៉ែត្រជញ្ជាំងក្តារដំបូលប្រក់ស័ង្កសី ដោយចំណាយថវិកាសរុបចំនួន១២លានរៀល។

ក្នុងឱកាសនោះ លោក អ៊ុន បុត្ត បានឧបត្ថម្ភជូនថវិកាដល់លោកគ្រូ អ្នកគ្រូចំនួន៥នាក់ម្នាក់ៗចំនួន៥០០០០រៀល។ សិស្សានុសិស្ស១៦៣នាក់ ក្នុងម្នាក់ចំនួន៥០០០រៀល។ លោកយាយ លោកតា ចំនួន៥៥នាក់ ម្នាក់ៗចំនួន២០០០០រៀល។ ប្រជាការពារចំនួន១២នាក់ម្នាក់ៗចំនួន២០០០០រៀល។ ឧបត្ថម្ភជូនសាលារៀននូវថវិកាចំនួន៥០ម៉ឺនរៀល និងបាននាំយកបច្ច័យទៅប្រគេនដល់ព្រះសង្ឃចំនួន២វត្តគឺវត្តក្រាំងដើមស្ថិតនៅឃុំងន ដើម្បីកសាងពុទ្ធិកសិក្សាចំនួន ១០០០ដុល្លារ និងវត្តក្លែងឃុំក្លែងដើម្បីកសាងក្លោងទ្វារចូលវត្តចំនួន៥០០ដុល្លារផងដែរ៕
ដោយ ស៊ុម វណ្ណា





