រដ្ឋមន្ត្រីក្រសួងអប់រំអបអរសាទរនិស្សិតជ័យលាភីចំនួន១០០នាក់នៃអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៤ ដែលទទួលបានឱកាសបន្តការសិក្សារបស់ខ្លួនដោយឥតគិតថ្លៃ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥--
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមអបអរសាទរដល់និស្សិតជ័យលាភីចំនួន១០០នាក់នៃអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៤ ដែលទទួលបានឱកាសបន្តការសិក្សារបស់ខ្លួនដោយឥតគិតថ្លៃ និងអត្ថប្រយោជន៍ជាច្រើនទៀត ព្រមទាំងបានផ្តល់អនុសាសន៍ណែនាំដល់និស្សិតជ័យលាភីទាំងនេះ ឱ្យចាប់យកឱកាសដ៏មានសារៈសំខាន់នេះ ក្នុងការបន្តខិតខំប្រឹងប្រែងរៀនសូត្រ និងពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត។ ការអបអរសាទររបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន នេះធ្វើឡើងនាពិធីប្រគល់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៤ដល់ពួកគេ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកឧកញ៉ា ចេន ហ្ស៊ី និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំកម្មវិធីផ្តល់អាហារូបករណ៍នេះឡើង ដោយចាប់តាំងពីការចាប់ផ្តើមរហូតមកដល់បច្ចុប្បន្ន អាហារូបករណ៍ ចេន ហ្ស៊ី បានផ្តល់ឱកាសដល់និស្សិតកម្ពុជាជាច្រើននាក់ ដោយបានគាំទ្រឱ្យពួកគេបន្តនូវក្តីស្រមៃក្នុងការសិក្សារបស់ខ្លួន និងរួមចំណែកយ៉ាងសំខាន់ដល់វឌ្ឍនភាពវិស័យអប់រំនៅកម្ពុជា ឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស។

សូមជម្រាបជូនថា កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី គឺជាកម្មវិធីអាហារូបករណ៍ប្រចាំឆ្នាំដែលដឹកនាំដោយ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមហ៊ុនព្រីនស៍ហូលឌីងគ្រុប សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ជាគម្រោងអាហារូបករណ៍ប្រចាំឆ្នាំដែលផ្តល់ជូនការបង់ថ្លៃសិក្សាពេញលេញ ប្រាក់ឧបត្ថម្ភប្រចាំខែ កម្មវិធីអភិវឌ្ឍន៍ខ្លួន ឱកាសកម្មសិក្សា និងឱកាសការងារជូនទៅដល់និស្សិតសាកលវិទ្យាល័យកម្ពុជាចំនួន៤០០នាក់ ក្នុងរយៈពេល៧ឆ្នាំ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





