ឯកឧត្តម ម៉ាង ស៊ីណេត ដឹកនាំមន្ត្រីចុះពិនិត្យស្ថានភាពឆ្នេរក្នុងភូមិសាស្ត្រស្រុកស្ទឹងហាវ
AKP ព្រះសីហនុ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥--
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្ត្រី និងអាជ្ញាធរស្រុកស្ទឹងហាវ ចុះពិនិត្យស្ថានភាពឆ្នេរក្នុងភូមិសាស្ត្រស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥ ក្នុងនោះឆ្នេរថ្មរៀងស្ថិតនៅភូមិឬទ្ធី១ ចាប់ពីព្រំប្រទល់កំពង់ផែកែវផុស រហូតដល់ឆ្នេរព្រំប្រទល់ខេត្តកោះកុង និងបានបន្តចុះពិនិត្យឆ្នេរអណ្ដូង (ឆ្នេរតាបារាំង) ស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ហើយឆ្នេរទាំង២ខាងលើមានឆ្នេរខ្សាច់សក្បុះ និងមានរុក្ខជាតិដុះចម្រុះតាមដៃព្រែកនៅអមឆ្នេរមានដូចជា ដើមកោងកាង ក្រញឹប ស្ងាវ ។ល។

ឯកឧត្តម ម៉ាង ស៊ីណេត បានធ្វើការណែនាំដល់មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវរួមសហការគ្នាថែរក្សាការពារ អភិរក្សឆ្នេរទាំងពីរនេះជាលំហឆ្នេរសាធារណៈ ដើម្បីសាធារណជន ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចមកលេងកម្សាន្ត ព្រោះឆ្នេរទាំងពីរខាងលើនេះ មានឆ្នេរខ្សាច់សរក្បុះមានលក្ខណធម្មជាតិមិនមានការកែច្នៃ។ ដូច្នេះយើងត្រូវរួមគ្នាថែរក្សាការពារដើមឈើ និងឆ្នេរខ្សាច់របស់យើងឱ្យបានល្អ ហើយត្រូវរួមគ្នាធ្វើការដាំដុះដើមឈើបន្ថែមឱ្យមានសោភ័ណភាព អនាម័យ បរិស្ថានកាន់តែល្អស្រស់បំព្រងបន្ថែមទៀតសាកសមជាឆ្នេរតំបន់ទេសចរណ៍ដ៏ទាក់ទាញ និងពេញនិយមនាពេលខាងមុខ ជាពិសេសតំបន់ទេសចរណ៍មួយនេះជួយបង្កើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមសម្រាប់ប្រជាពលរដ្ឋខេត្តព្រះសីហនុរបស់យើងឱ្យមានជីវភាពកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ទន្ទឹមនឹងមានឆ្នេរស្អាត យើងក៏មិនត្រូវមើលរំលងអំពីបរិស្ថាន អនាម័យនោះទេ ដោយមានការចូលរួមពីបងប្អូនអាជីវករប្រកបអាជីវកម្មនៅតាមតំបន់ឆ្នេរ ត្រូវធ្វើយ៉ាងណាថែរក្សាអនាម័យឱ្យបានជាប់ជាប្រប្រចាំ ដើម្បីផលរបរបស់យើងកាន់តែរីកចម្រើន ប្រសិនបើទីតាំងរបស់យើងមានសោភ័ណភាពទាក់ទាញភ្ញៀវមកកាន់តំបន់ទេសចរណ៍របស់យើងកាន់តែច្រើននៅពេលខាងមុខជាក់ជាមិនខាន៕

ដោយ ងូ សុមុនី





