លោកជំទាវ ឆាយ គឹមសុទ្ធី អញ្ជើញដឹកនាំក្រុមការងារជំនាញក្រសួងមុខងារសាធារណៈ ជួបប្រជុំជាមួយប្រតិភូតំណាងធនាគារជាតិនៃកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥--
លោកជំទាវ ឆាយ គឹមសុទ្ធី អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ អញ្ជើញដឹកនាំក្រុមការងារជំនាញក្រសួងមុខងារសាធារណៈ ជួបប្រជុំជាមួយប្រតិភូតំណាងធនាគារជាតិនៃកម្ពុជា កាលពីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ដើម្បីពិភាក្សា និងផ្សព្វផ្សាយចែករំលែកព័ត៌មានអំពីសេវារបស់ធនាគារជាតិនៃកម្ពុជា ជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងមុខងាសាធារណៈ និងសាលាភូមិន្ទរដ្ឋបាល។

ក្នុងកិច្ចពិភាក្សានេះ តំណាងធនាគារជាតិនៃកម្ពុជាបានធ្វើបទបង្ហាញអំពីសេវាសំខាន់ៗរបស់ខ្លួនដូចជា៖ ១. សេវាធនាគារកណ្តាល(សេវាគ្រប់គ្រងគណនី) ២. សេវាធនាគារតាមប្រព័ន្ធអេឡិចត្រូនិក Online Banking System (OBS) និង ៣.ការប្រើប្រាស់ និងអត្ថប្រយោជន៍នៃប្រព័ន្ធបាគង។

ចំណេះដឹងអំពីសេវាទាំងនេះ នឹងជាធាតុចូលដ៏មានសារៈសំខាន់មួយផ្នែកសម្រាប់មន្រ្តីជំនាញដើម្បីប្រមូលធាតុចូលក្នុងការអភិវឌ្ឍអង្គភាពរបស់ខ្លួន នៅក្នុងការចូលរួមការងារកំណែទម្រង់របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

បន្ទាប់ពីបានស្តាប់បទបង្ហាញ និងការពិភាក្សាចែករំលែកព័ត៌មានពីវិសាលភាព និងអត្ថប្រយោជន៍ជាច្រើនរបស់សេវានីមួយៗរួចមក លោកជំទាវប្រធានអង្គប្រជុំបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារជំនាញធនាគារជាតិនៃកម្ពុជា ដែលបានចូលរួមចែករំលែកព័ត៌មាននិងការឆ្លើយតបនូវចម្ងល់ជាច្រើនជូនដល់ក្រុមការងារជំនាញរបស់ក្រសួងមុខងារសាធារណៈ ជាលទ្ធផលគឺទទួលជ្រួតជ្រាប និងយល់ដឹងកាន់តែច្បាស់នូវសេវាផ្សេងៗរបស់ធនាគារ៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងមុខងារសាធារណៈ)





