ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា អញ្ជើញចុះសួរសុខទុក្ខនាយទាហាន ពលទាហាន និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១
AKP បន្ទាយមានជ័យ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥--
ឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូ ចុះសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង ពលទាហាន និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ដែលជាអំណោយរបស់ដៃគូសម្ព័ន្ធមេត្រីភាព ក្រសួងសុខាភិបាល និងក្រុមហ៊ុនសុខាអូតែល-រីសត នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ពិធីដ៏មានអត្ថន័យនេះប្រព្រឹត្តទៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ដែលនឹងចូលមកដល់នាពាក់កណ្តាលខែមេសាឆ្នាំ២០២៥នេះ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះកងទ័ព ដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដី និងរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម។

ក្នុងឱកាសនោះ ឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា បានកោតសរសើរចំពោះកងទ័ពដែលបានលះបង់កម្លាំងកាយចិត្តក្នុងការការពារជាតិ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម និងបានបញ្ជាក់ថា អំណោយនេះជាការបង្ហាញពីការគាំទ្រ និងលើកទឹកចិត្តដល់កងទ័ពដែលកំពុងបំពេញភារកិច្ចដ៏សំខាន់សម្រាប់ជាតិមាតុភូមិ។ យើងសូមជូនពរកងទ័ពទាំងអស់ឱ្យមានសុខភាពល្អ កម្លាំងមាំមួន និងទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មរបស់ខ្លួន។ ក្រសួងសុខាភិបាល និងដៃគូសម្ព័ន្ធមេត្រីភាព នឹងបន្តសហការជាមួយកងទ័ព ដើម្បីលើកកម្ពស់សុខុមាលភាព និងលក្ខខណ្ឌការងាររបស់កងទ័ពឱ្យកាន់តែប្រសើរថែមទៀត។

ទន្ទឹមនឹងនោះ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានធ្វើរបាយការណ៍ស្វាគមន៍ដោយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា ព្រមទាំងដៃគូសម្ព័ន្ធមេត្រីភាព ដែលតែងតែយកចិត្តទុកដាក់ រួមសុខរួមទុក្ខ គិតគូរពីទុក្ខលំបាករបស់កងកម្លាំងប្រដាប់អាវុធ ព្រមទាំងបានចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រ ដល់អង្គភាពយើងខ្ញុំទាំងស្មារតី សម្ភារ ថវិកា ដែលសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ អំពីការអាណិតស្រឡាញ់ ការយកចិត្តទុកដាក់ ការរួមសុខរួមទុក្ខ ការផ្សាភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ រវាងសមរភូមិមុខ និងសមរភូមិក្រោយ រវាងមន្ត្រីរាជការស៊ីវិល ជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ស្របតាមគោលនយោបាយដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រមុខដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតនៃយើងទាំងអស់គ្នា។ អគារទីបញ្ជាការថ្មីនេះនឹងផ្តល់ភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់ក្នុងការបំពេញបេសកកម្មរបស់កងពលតូច។

ពិធីនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល ដោយមានការចូលរួមពីនាយទាហាន នាយទាហានរង ពលទាហាន និងភ្ញៀវកិត្តិយសជាច្រើនរូប។ ពិធីនេះបានបង្ហាញពីស្មារតីសាមគ្គីភាព និងការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់រាជរដ្ឋាភិបាល និងដៃគូសម្ព័ន្ធមេត្រីភាពចំពោះកងទ័ពកម្ពុជា។ ក្នុងឱកាសចុះសួរសុខទុក្ខនេះ ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងសុខាភិបាល និងក្រុមហ៊ុនសុខាអូតែល-រីសត បាននាំយកអំណោយ ចែកជូនដល់កងកម្លាំង កងពលតូចថ្មើរជើងលេខ៥១ រួមមាន គ្រឿងឧបភោគបរិភោគចំនួន១១មុខ ឱសថ សម្ភារ បរិក្ខារពេទ្យ ចំនួន ៤៣មុខ និងថវិកាចំនួន ២០.០០០.០០០លានរៀលផងដែរ៕
ដោយ ឈុន សារ៉ាត





