រដ្ឋបាលខេត្តកំពង់ចាមធ្វើពិធីដង្ហែពានរង្វាន់ជ័យលាភី អង្គភាពផ្ដល់សេវាសាធារណៈគំរូ ឆ្នាំ២០២៤ ក្នុងវិស័យសុខាភិបាលខេត្ត
AKP ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥--
រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំពិធីដង្ហែពានរង្វាន់ជ័យលាភី អង្គភាពផ្ដល់សេវាសាធារណៈគំរូឆ្នាំ២០២៤ លើវិស័យសុខាភិបាល ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម អ៊ុនចាន់ដា អភិបាលខេត្ត កំពង់ចាម។ពិធីនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ នៅបរិវេណ មន្ទីរសុខាភិបាលខេត្ត ដោយមានការចូលរួមពីមន្រ្តីរាជការក្រុង ស្រុក មន្ទីរ អង្គភាពនានា កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ យុវជន លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ។

ឯកឧត្តម គីមសួរ ភីរុណ ទីប្រឹក្សាក្រសួងសុខាភិបាលនិងប្រធានមន្ទីរសុខាភិបាលខេត្តបានឲ្យដឹងថា ក្នុងការប្រឡងប្រណាំង ទូទាំងប្រទេសលើអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល លើកទី២ យើង មានន្ទីរពេទ្យ បង្អែកចំនួន៤ទួលបានជ័យលាភីក្នុងនោះ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមទទួលបានជ័យលាភីលេខ១ កម្រិត CPA3 ទូទាំងប្រទេស មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមទទួលបានជ័យលាភីលេខ១ កម្រិត CPA3 ទូទាំងប្រទេស។ មន្ទីរពេទ្យបង្អែកស្រុក បាធាយទទួលបាន ចំណាត់ថ្នាក់លេខ៤។មន្ទីរពេទ្យបង្អែក ស្រុក ចំការលើទទួលបានចំណាត់ថ្នាក់លេខ៨និង មន្ទីរពេទ្យបង្អែក ស្រុកព្រៃឈរទទួលបានចំណាត់ថ្នាក់លេខ៩ ក្នុងការប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលជាលើកទី២ ប្រចាំឆ្នាំ២០២៤ នេះ ខណៈការប្រឡងប្រណាំងមួយនេះធ្វើឡើងរយៈពេល ៥ ឆ្នាំម្តង។ នៅឆ្នាំ២០១៩ ក្នុងការប្រឡងប្រណាំង ទូទាំងប្រទេសលើអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមក៏បានទទួលជ័យលាភីចំណាត់ថ្នាក់លេខ១ ក្នងកំរិត CPA3 នេះ។ទូទាំងខេត្តមាន ស្រុកប្រតិបត្តិចំនួន៩ មន្ទីរពេទ្យខេត្ត កំរិត៣ មានចំនួន១ មន្ទីរពេទ្យបង្អែកថ្នាក់ស្រុកកំរិត២មានចំនួន៤ កំរិត១មានចំនួន៤ មានមណ្ឌលសុខភាពចំនួន៩៦កន្លែងនិងប៉ុស្ត សុខភាពចំនួន៥កន្លែងុ។

ថ្លែងក្នុងឱកាស ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានសម្តែងនូវការវាយតម្លៃខ្ពស់ជាថ្មី ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តទាំងអស់ ដែលបានប្តេជ្ញាចិត្តរួមគ្នាក្នុងការបំពេញតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវ សម្រេចបាននូវសមិទ្ធផលជាច្រើនលើវិស័យសុខាភិបាលពិសេសផ្នែកផ្តលើសេវាសាធារណៈបានល្អ ដែលខេត្តទួលបានជ័យលាភលេខ១ លើអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យវិស័យសុខាភិបាលពីរលើកជាប់ៗគ្នា។

ឯកឧត្តមអភិបាលខេត្តក៏បានធ្វើការណែនាំដល់មន្ត្រីក្នុងវិស័យសុខាភិបាលទាំងអស់ បន្តអនុវត្តបំពេញភារកិច្ចរបស់ខ្លួនឲ្យបានកាន់តែប្រសើរថែមទៀតនូវចំណុចធ្វើបានក្នុងពេលនេះដោយឈរលើពាក្យស្លោកថា មន្ទីរពេទ្យផ្តល់សេវាល្អជាក្តីត្រេកអររបស់ប្រជាជន៕
ដោយ៖ឆាយ ម៉ុត





