ឯកឧត្តម សរ គឹមសាន្ត ប្រជុំក្រុមការងារចុះពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាព ក្បាលដី តំបន់បឹងទន្លេសាប ក្នុងខេត្តបាត់ដំបង
AKP ភ្នំពេញ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥--
ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប និងជាប្រធានក្រុមការងារមុខព្រួញខេត្តបាត់ដំបង រួមជាមួយថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្ត្រីបច្ចេកទេសអាជ្ញាធរទន្លេសាប នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានចូលរួមកិច្ចប្រជុំ ដើម្បីពិភាក្សាក្នុងការអនុវត្តការងារចុះពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាព និងចងក្រងទិន្នន័យក្បាលដី តាមបណ្តាឃុំ ស្រុកពាក់ព័ន្ធនឹងតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដែលដឹកនាំដោយ ឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារប្រតិបត្តិខេត្តបាត់ដំបង។

គោលបំណងនៃកិច្ចប្រជុំមាន៣ចំណុច៖ ទី១. បញ្ជាក់អំពីគោលបំណងនៃការបង្កើតក្រុមការងារពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាព និងចងក្រងទិន្នន័យដីធ្លីនៃខេត្តទាំង៦ ជុំវិញតំបន់បឹងទន្លេសាប ទី២. ពិភាក្សាអំពីស្ថានភាពទូទៅ ការអាស្រ័យផល របស់ប្រជាជននៅក្នុងតំបន់២ តំបន់៣ និងបញ្ហាប្រឈមនានា ទី៣. ណែនាំពីទម្រង់កម្រងបញ្ជីសំនួរសម្រាប់កិច្ចសម្ភាសន៍ជាមួយអាជ្ញាធរភូមិ សហគមន៍ រៀបចំផែនការ កំណត់ពេលវេលាចុះពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាព និងចងក្រងទិន្នន័យដីធ្លីតំបន់ទន្លេសាប ដើម្បីបូកសរុបបាយការណ៍ជូនថ្នាក់ដឹកនាំ។

អង្គប្រជុំក៏បានសម្រេចឯកភាពគ្នាដូចរៀបចំបែងចែកសមាសភាពក្រុមការងារចុះអនុវត្តចំនួន៤ ក្រុមទទួលខុសត្រូវតាមស្រុកនីមួយៗ ដើម្បីចុះពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាព និងចងក្រងទិន្នន័យដីធ្លី តាមបណ្តាភូមិ ឃុំ ក្នុងស្រុកពាក់ព័ន្ធតំបន់បឹងទន្លេសាប មានស្រុកមោងឬស្សី ស្រុកសង្កែ ស្រុកឯកភ្នំ និងស្រុកថ្មគោល ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

សូមបញ្ជាក់ថា សេចក្តីសម្រេចលេខ ០១៤ ដនស.សសរ ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ស្តីពីការបង្កើតក្រុមការងារចុះពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាព និងចងក្រងទិន្នន័យដីធ្លី នៃតំបន់បឹងទន្លេសាប គឺដើម្បីរៀបចំលក្ខខណ្ឌការប្រើប្រាស់ដីសម្រាប់ការអភិរក្ស ការអភិវឌ្ឍតំបន់ទន្លេសាប តំបន់២ និងតំបន់៣ ដោយផ្អែកលើទិន្នន័យពីការប្រើប្រាស់ដីជាក់ស្ដែង ក្នុងស្ថានភាពបច្ចុប្បន្ន ដូចជា លក្ខណៈភូមិសាស្រ្ត ប្រជាសាស្រ្ត និងមុខរបរ រូបភាពប្រើប្រាស់ដី ហេដ្ឋារចនាសម្ព័ន្ធ និងស្ថានភាពសកម្មភាពអភិវឌ្ឍន៍ក្នុងមូលដ្ឋានភូមិ ឃុំ ស្រុក ស្ថិតក្នុងតំបន់ការពារបឹងទន្លេសាបនៃដែនតំបន់គ្រប់គ្រងរបស់អាជ្ញាធរទន្លេសាបនៃខេត្តទាំង៦ជុំវិញតំបន់បឹងទន្លេសាប រួមមាន៖ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ៕
ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





