ក្រុមការងារក្រសួងសាធារណការចុះពិនិត្យទីតាំងសង់ស្ថានីយជញ្ជីងអចល័ត៣កន្លែងនៅខេត្តកណ្ដាល
AKP កណ្ដាល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥--
ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្រ្តៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ អាជ្ញាធរខេត្តកណ្ដាល មន្ទីរជំនាញ និងអ្នកពាក់ព័ន្ធ ចុះពិនិត្យទីតាំងសាងសង់ស្ថានីយជញ្ជីងអចល័តចំនួន០៣កន្លែង ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្ដាល រួមមាន ស្រុកខ្សាច់កណ្ដាល ក្រុងតាខ្មៅ និងក្រុងសំពៅពូន។

ក្នុងការចុះពិនិត្យទីតាំងនោះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារជំនាញ បានសិក្សាជាលទ្ធផលក្រុមការងារបានឯកភាពជ្រើសរើសយកទីតាំងចំនួន៣ ដើម្បីសាងសង់ស្ថានីយជញ្ជីងអចល័ត រួមមាន ទីតាំងទី១ ផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រ ៣០-៧០០ ដល់គីឡូម៉ែត្រលេខ ៣១+០០០ ជិតស្ពានព្រះគន្លងស្ថិតក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល។ ទីតាំងទី២៖ មហាវិថីស៊ីជីនពីង (ផ្លូវក្រវ៉ាត់ក្រុងទី៣) ចន្លោះ គីឡូម៉ែត្រ២១+៤០០ ដល់គីឡូម៉ែត្រ២១+៥០០ ស្ថិតក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ។

ចំណែកទីតាំងទី៣ ផ្លូវជាតិលេខ២៣ ចន្លោះគីឡូម៉ែត្រ០+២០០ ដល់ គីឡូម៉ែត្រ០+៣៥០ គល់ស្ពានមិត្តភាពកម្ពុជា-ចិនកោះធំ ស្ថិតក្នុងសង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូន ខេត្តកណ្តាល៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខត្តកណ្តាល)





