សិក្ខាសាលាផ្សព្វផ្សាយស្ដីពី "អនាម័យនៃម្ហូបអាហារសម្រាប់មនុស្ស" នៅខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥--
នៅសាលប្រជុំមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានរៀបចំបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី "អនាម័យនៃម្ហូបអាហារសម្រាប់មនុស្ស" នៅក្នុងខេត្តកំពង់ធំ ក្រោមវត្តមានលោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីប្រធានសាខាការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តកំពង់ធំ លោក លោក ស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងម្ចាស់អាជីវកម្មសិប្បកម្មជុំវិញខេត្ត។

លោក ងួន រាសី បានបញ្ជាក់ថា សិក្ខាសាលានេះមានគោលបំណងពង្រឹងនូវគុណភាពទំនិញគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃដើម្បីជាការចូលរួមចំណែកអភិវឌ្ឍសង្គមសេដ្ឋកិច្ចឱ្យកាន់តែមានវឌ្ឍនភាពប្រសើរឡើងជាលំដាប់។ ដូច្នេះអ្នកផលិតត្រូវតែគិតគូរដល់ស្តង់ដាគុណភាពស្របតាមតម្រូវការរបស់អ្នកប្រើប្រាស់ដែលមានការប្រែប្រួលឥតឈប់ឈរដើម្បីធានាបានគុណភាព សុវត្ថិភាព ការវេចខ្ចប់ប្រកបដោយអនាម័យការដាក់ស្លាកថ្លៃផលិតឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសដែលអាចប្រកួតប្រជែងជាមួយនឹងផលិតផលដែលនាំចូល។

លោក ងួន រាសី បញ្ជាក់ទៀតថា កិច្ចការនេះត្រូវការពេលវេលា និងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងពីសំណាក់ផលិតករ ពាណិជ្ជករ។ អ្វីដែលជាកក្តាសំខាន់មិនអាចខ្វះបាននោះគឺធ្វើយ៉ាងណាឱ្យមានការចូលរួមគាំទ្រទិញផលិតផលខ្មែរពីបងប្អូនប្រជាជនយើងដើម្បីជួយឱ្យផលិតករក្នុងស្រុកអាចមានលទ្ធភាពប្រកួតប្រជែង និងពង្រឹងការធ្វើទំនើបកម្មផលិតផលរបស់ខ្លួនជាទីមោទនៈ។

លោកអភិបាលរងខេត្តបានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ប្រើប្រាស់នូវសក្តានុពលនៃបញ្ញាញាណព្រោះថាសិក្ខាសាលានេះពិតជាមានសារៈសំខាន់ដល់សិប្បករនូវផលិតផលគ្រប់ប្រភេទក្នុងខេត្តព្រោះនេះជាវេទិកានៃការជួបជុំរវាងអ្នកអនុវត្តច្បាប់ធុរកិច្ចក្នុងការពិភាក្សាលើបញ្ហានានាដែលពាក់ព័ន្ធទៅនឹងអនាម័យនៃម្ហូបអាហារសម្រាប់មនុស្សហើយក៏អាចផ្លាស់ប្ដូរចែករំលែក ដំណោះស្រាយបញ្ហានានានិងបន្តទំនាក់ទំនងគ្នាទៅវិញទៅមកប្រកបដោយភាពស្និតស្នាលដើម្បីពង្រឹងសមត្ថភាពអ្នកផលិតនិងអ្នកកែច្នៃផលិតផលក៏ដូចជាជំរុញផលិតផលរបស់ខ្លួនចូលទីផ្សារក្នុងស្រុក និងក្រៅប្រទេសផងដែរ៕
ដោយ ស៊ុម វណ្ណា





