ការចុះកិច្ចព្រមព្រៀងគម្រោងរវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការ Care For Children នៅព្រះរាជវាំង Kensington នៃចក្រភពអង់គ្លេស
AKP ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥-- ក្នុងកំឡុងពេលនៃការបំពេញទស្សនកិច្ចនៅចក្រភពអង់គ្លេស ឯកឧត្ដម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងអភិវឌ្ឍន៍កម្មវិធីថែទាំកុមារកំព្រា និងកុមារងាយរងគ្រោះតាមគ្រួសារនៅកម្ពុជា សម្រាប់រយៈពេល ៣ឆ្នាំ ២០២៥-២០២៨ ជាមួយលោកបណ្ឌិត Robert Glover ស្ថាបនិក និងជានាយកប្រតិបត្តិ តំណាងអង្គការ Care For Children នៃចក្រភពអង់គ្លេស ក្រោមព្រះរាជាអធិបតីភាពខ្ពង់ខ្ពស់របស់ព្រះអង្គម្ចាស់ Michael George of Kent សមាជិករាជវង្សអង់គ្លេស។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានលើកឡើងពីវឌ្ឍនភាព និងទិសដៅការងារជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងការលើកកម្ពស់សុខុមាលភាព និងកិច្ចការពារកុមារ ជាពិសេសការអនុវត្តកម្មវិធីជាតិជំនួយសង្គមសម្រាប់ជួយដល់ជនក្រីក្រ និងងាយរងហានិភ័យ រួមទាំងការលើកឡើងអំពីសមិទ្ធផលនានានៃកិច្ចសហប្រតិបត្តិការរវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្ប ទា និងអង្គការ Care for Children លើការអនុវត្តគម្រោងអភិវឌ្ឍន៍កម្មវិធីថែទាំកុមារកំព្រា និងកុមារងាយរងគ្រោះតាមគ្រួសារនៅកម្ពុជា ដែលបានអនុវត្ត៣ឆ្នាំ (២០២២-២០២៥) កន្លងមកផងដែរ។

ព្រះអង្គម្ចាស់ Michael George of Kent បានចូលរួមអបអរសាទរជាមួយរាជរដ្ឋាភិបាលកម្ពុជាចំពោះវឌ្ឍនភាពនានា និងសូមគាំទ្រដល់កិច្ចសហការរវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការ Care For Children លើការអនុវត្តគម្រោង៣ឆ្នាំ ២០២៥-២០២៨ បន្តទៀតសំដៅធ្វើយ៉ាងណាឱ្យសេវានៃការថែទាំកុមារនៅក្នុងគ្រួសារកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីឧត្តមប្រយោជន៍របស់កុមារ។

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍កម្មវិធីថែទាំកុមារកំព្រា និងកុមារងាយរងគ្រោះតាមគ្រួសារនៅកម្ពុជា ដែលត្រូវបានចុះហត្ថលេខានាពេលនេះមានគោលបំណង៖ ១) លើកកម្ពស់សុខុមាលភាពកុមារនៅកម្ពុជា តាមរយៈការអភិវឌ្ឍការថែទាំកុមារក្នុងគ្រួសារដែលជាការថែទាំជំនួសជាវិជ្ជមាន ជំនួសឱ្យការថែទាំនៅតាមមណ្ឌលថែទាំ។ ២) បណ្តុះបណ្តាលដល់អ្នកថែទាំកុមារនៅក្នុងមណ្ឌលថែទាំកុមារនូវចំណេះដឹង និងជំនាញ ដើម្បីដំណើរការអនុវត្តកម្មវិធីថែទាំកុមារតាមគ្រួសារ ព្រមទាំងប្រែក្លាយអ្នកថែទាំក្នុងមណ្ឌលថែទាំទៅជាបុគ្គលិកសង្គមកិច្ចបឋម។ ៣) ពង្រឹងគុណភាពជីវិតរបស់កុមារ តាមរយៈការទុកដាក់កុមារទៅរស់នៅក្នុងគ្រួសារសហគមន៍ និង៤) ចូលរួមសហការក្នុងការផ្សព្វផ្សាយការងារថែទាំជំនួសចំពោះកុមារនៅក្នុងប្រទេសកម្ពុជា ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការរៀបចំសន្និសីទ និងព្រឹត្តិការណ៍ផ្សេងៗ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងសង្គមកិច្ច)





