ធនាគារជាតិនៃកម្ពុជាស្នើគ្រឹះស្ថានធនាគារឱ្យមានកិច្ចសហការដើម្បីបង្កើតជាមណ្ឌលទំនាក់ទំនងព័ត៌មានសម្រាប់អតិថិជន
AKP ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥--
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានស្នើឱ្យគ្រឹះស្ថានធនាគារមានកិច្ចសហការ ដើម្បីបង្កើតជាមណ្ឌលទំនាក់ទំនងព័ត៌មានសម្រាប់ផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការសាកសួរព័ត៌មាន ឬស្នើសុំដំណោះស្រាយនានា។ ការស្នើនេះត្រូវបានលើកឡើងនាពេលថ្មីៗនេះ ក្នុងជំនួបជាមួយគណៈប្រតិភូធនាគារជាតិកាណាដាដែលជាក្រុមហ៊ុនមេរបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ធនាគារ ABA) ដឹកនាំដោយលោក Laurent Ferreira ប្រធាន និងជានាយកប្រតិបត្តិធនាគារជាតិកាណាដា។

លោក Laurent បានលើកឡើងពីការពេញចិត្តចំពោះដំណើរការវិនិយោគក្នុងវិស័យធនាគារនៅកម្ពុជានាពេលកន្លងមក និងបានបញ្ជាក់ពីការតាំងចិត្តរបស់ធនាគារជាតិកាណាដា ក្នុងការពង្រីកការវិនិយោគនៅកម្ពុជាថែមទៀត ជាមួយនឹងទំនុកចិត្តខ្ពស់លើស្ថិរភាពសេដ្ឋកិច្ច និងប្រព័ន្ធធនាគារនៅកម្ពុជា។
បន្ថែមពីនេះ លោកក៏បានបញ្ជាក់ពីអាទិភាពរបស់ធនាគារ ABA ក្នុងការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងការពង្រឹងសុវត្ថិភាពសន្តិសុខសាយប័រ ព្រមទាំងការគាំទ្រដល់ការវិនិយោគលើថាមពលកកើតឡើងវិញផងដែរ។
ជាការឆ្លើយតប លោកជំទាវទេសាភិបាល បានស្វាគមន៍ចំពោះផែនការពង្រីកការវិនិយោគនៅកម្ពុជា និងបានចែករំលែកពីទស្សនាទានអំពីស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា ព្រមទាំងរំលេចឡើងពីលទ្ធផលនៃការធ្វើអង្កេតទំនុកចិត្តធុរកិច្ចដែលបញ្ជាក់ពីភាពប្រសើរឡើងនៃទំនុកចិត្តរបស់ធុរជនមកលើបរិយាកាសវិនិយោគនៅកម្ពុជា។
បន្ថែមលើនេះ លោកជំទាវក៏បានមានប្រសាសន៍ពីសារៈសំខាន់នៃការធានាបាននូវប្រតិបត្តិការផ្ទេរប្រាក់អន្តរធនាគារប្រកបដោយភាពរលូន និងបានស្នើឱ្យមានកិច្ចសហការក្នុងចំណោមគ្រឹះស្ថានធនាគារដើម្បីបង្កើតជាមណ្ឌលទំនាក់ទំនងព័ត៌មានសម្រាប់ផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការសាកសួរព័ត៌មាន ឬស្នើសុំដំណោះស្រាយនានាផងដែរ៕
ដោយ៖ ស្រីពេជ្រ





